(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានជជែកគ្នាឡើងតឹងសរសៃកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ដែលបានទូរស័ព្ទមកកាន់លោក ដើម្បីអបអរចំពោះលទ្ធផលនៃការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ទាំងដែលលោក ត្រាំ កំពុងស្ថិតនៅលើយន្តហោះពិសេស Air Force One។ នេះបើតាមការដកស្រង់ការផ្សាយចេញដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍របស់កាសែតអាមេរិក Washington Post បានឲ្យដឹងថា លោក ត្រាំ បានទាស់សម្តីគ្នាជាមួយលោកស្រី May ក្នុងពេលនិយាយទូរស័ព្ទនៅតាមផ្លូវធ្វើដំណើរតាមយន្តហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នាពេលនោះលោក ត្រាំ បានរិះគន់ខ្លាំងៗលើលោកស្រី May ជុំវិញភាពអសកម្មរបស់ចក្រភពអង់គ្លេស ទៅលើប្រទេសអឺរ៉ុង់ ហើយលោកបានជជីកសួរលោកស្រីអំពីកិច្ចព្រមព្រៀង ដកអង់គ្លេសចេញពីសហភាពអឺរ៉ុប (Brexit) និងបានត្អូញត្អែរអំពីទំនាក់ទំនងវិស័យពាណិជ្ជកម្មអឺរ៉ុប-អាមេរិកថែមទៀត។
គួរជម្រាបថា សហរដ្ឋអាមេរិកបានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទីពីរ ដែលមានទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ខណៈកញ្ចប់ទីមួយបានចូលជាធរមានកាលពីខែសីហា បន្ទាប់ពីលោក ត្រាំ បានបញ្ជាឲ្យដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភា ឆ្នាំ២០១៧។ សម្រាប់ប្រទេសដទៃទៀតនៅក្នុងកិច្ចព្រមព្រៀង គឺសុទ្ធតែបានអះអាងថា អ៊ីរ៉ង់បានបន្តគោរពតាមគ្រប់លក្ខខណ្ឌទាំងអស់ នៃកិច្ចព្រមព្រៀងនេះ៕