(វ៉ាស៊ីនតោន)៖ យន្ដហោះយោធា T-38C Talon មួយគ្រឿងរបស់កងទ័ពអាកាសអាមេរិក នៅក្នុងរដ្ឋតិចសាស់បានធ្លាក់ និងបណ្ដាលឱ្យពីឡុតម្នាក់ស្លាប់ និងមនុស្សម្នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ បានកើតឡើងនៅក្បែរមូលដ្ឋានទ័ពអាកាស ឡាសលីន (Laughlin Air Force Base ឬ AFB)។ មន្ត្រីប្រចាំការនៅ AFB បានឱ្យដឹងដូច្នេះថា «អាកាសយានិកម្នាក់បានស្លាប់ រីឯមនុស្សម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ ក្រោយយន្ដហោះ យោធា T-38C Talon មួយគ្រឿងបានធ្លាក់នៅម៉ោងប្រមាណ ៧៖៤០នាទីយប់ ថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ក្បែរមូលដ្ឋានទ័ពអាកាស AFB»។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់ណាមួយ ពីមូលហេតុធ្លាក់យន្តហោះចម្បាំងខាងលើនេះនៅឡើយទេ រីឯអត្តសញ្ញាណជនរងគ្រោះ ក៏មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយដែរ៕