(ហ្សាការតា)៖ ស្ត្រីឥណ្ឌូណេស៉ីវ័យក្មេងម្នាក់ដែលគូដណ្ដឹងរបស់ខ្លួន បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនៃក្រុមហ៊ុន Lion Air បានសម្រេចក្ដីប្រាថ្នាចុងក្រោយរបស់គូដណ្ដឹង ដោយថតរូបរៀបការតែម្នាក់ឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាង អ៊ីនតាន់ ស៊ីយ៉ារី (Intan Syari) និងលោក រីយ៉ូ ប្រាតាម៉ា (Rio Nanda Pratama) មានគំរោងរៀបការនឹងគ្នានៅថ្ងៃទី១១ ខែវិច្ឆិកា។ ក៏ប៉ុន្តែជាអកុសល្យនៅអំឡុងពេលលោក Pratama ជិះយន្ដហោះ Boeing 737 ត្រឡប់មកផ្ទះទាំងវិញដើម្បីរៀបអាពាហ៍ពិពាហ៍ ស្រាប់តែយន្ដហោះនេះមានបញ្ហា ក្រោយហោះឡើងបានតែ ១៣នាទី ហើយក៏ធ្លាក់ចូលទឹកសមុទ្រកាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ។
ចំណែកឯនាង Syari បានទទួលរងនូវអារម្មណ៍រន្ធត់ និងសោកសៅយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងនេះ។ តែទោះជាយ៉ាងនេះក្ដី ស្រ្តីវ័យក្មេងរូបនេះ នៅតែចង់សម្រេចក្ដីប្រាថ្នារបស់គូណ្ដឹង តាមរយៈការស្លៀកឈុតរៀបការ និងពាក់ចិញ្ចៀនរៀបការ។ នាង Syari បាននិយាយដូច្នេះថា «បើទោះជាខ្ញុំមានអារម្មណ៍ឈឺចាប់ មិនអាចរៀបរាប់បានក៏ដោយ តែខ្ញុំនឹងនៅតែញញឹមដើម្បីបង... ខ្ញុំនឹងមិនសោកសៅឡើយ ហើយខ្ញុំនឹងធ្វើខ្លួនឱ្យរឹងមាំ ដូចដែលបងតែងតែប្រាប់ខ្ញុំ»។
គួរបញ្ជាក់ថា យន្ដហោះ Boeing 737 នៃជើងហោះហើរ JT 610 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់ចូលសមុទ្រ ក្នុងប្រទេសឥណ្ឌូណេស៉ីកាលពីថ្ងៃទី២៩ ខែតុលា ដោយផ្ដាច់ជីវិតមនុស្សជិះនៅលើយន្ដហោះនេះទាំងអស់ ១៨៩នាក់៕