(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ចេមស៍ ម៉ាត់ទីស (James Mattis) បាននិយាយថា ប្រទេសប៉ូឡូញបានស្នើឱ្យកងទ័ពអាមេរិក ឈរជើងនៅលើទឹកដីរបស់ខ្លួន។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងម៉ូស្គូបានចាត់ទុកថា គំរោងនេះនឹងគំរាមកំហែងដល់ សន្តិសុខនៅក្នុងតំបន់ ហើយនឹងមិនរារែកក្នុងការចាត់វិធានការយោធា ដើម្បីការពារផលប្រយោជន៍ជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) លោក Mattis ក៏បានឱ្យដឹងដែរថា លោកនឹងពិភាក្សាលើគំរោងនេះលម្អិត ជាមួយរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក ម៉ារូស ប្លាសហ្សាក់ (Marius Blaszczak) ដែលកំពុងបំពេញដំណើរទស្សនកិច្ចក្នុងសហរដ្ឋអាមេរិក។
ដោយឡែកបើតាមសេចក្ដីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ លោក Mattis និង លោក Blaszczak បានប្ដេជ្ញាចិត្តថា ពង្រឹងទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងប៉ូឡូញ ហើយនឹងបន្តធ្វើការងាររួមគ្នាតាមរយៈអង្គការណាតូ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់រុស្ស៊ី។
គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអាមេរិក ៤,៥០០នាក់ កំពុងឈរជើងនៅប៉ូឡូញក្រោមបេសកកម្មផ្លាស់វេនគ្នា ហើយនាពេលថ្មីៗ នេះមានសេចក្ដីរាយការណ៍ជាច្រើនថាប៉ូឡូញ បានស្នើឱ្យកងទ័ពអាមេរិកមួយកងពល ឈរជើងជាអចិន្ត្រៃយ៍នៅលើទឹកដីរបស់ ខ្លួនតែម្ដង។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃទី២៤ ខែតុលាថា គំរោងនេះគឺជាការ គំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ ហើយថារុស្ស៊ីនឹងមិនរារែកឡើយក្នុងការចាត់វិធានការយោធា ដើម្បីការពារផលប្រយោជន៍ជាតិ៕