(ញូយ៉ក)៖ អភិបាលក្រុងញូយ៉ក លោក បៀល ឌែ ប្លាស៊ីយ៉ូ (Bill de Blasio) បាននិយាយថា ការសម្រេចចិត្តសាងសង់ទីស្នាក់ការថ្មីមួយក្នុងទីក្រុងញូយ៉ករបស់ក្រុមហ៊ុន Amazon នឹងនាំមកនូវប្រាក់ជាង ១៣ពាន់លានដុលា្លរ ក្នុងវិស័យពន្ធក៏ដូចជាបង្កើតការងារជាច្រើន សម្រាប់ប្រជាជនក្នុងទីក្រុងមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នៅថ្ងៃពុធនេះ លោក Bill de Blasio បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងគិតគូរថា តើត្រូវធ្វើយ៉ាង ដូចម្ដេចដើម្បីឱ្យអ្នករស់នៅក្នុងទីក្រុងញូយ៉ក ទទួលបានផលចំណេញ... ដូច្នេះការសម្រេចចិត្តរបស់ក្រុមហ៊ុន Amazon ក្នុងការ សាងសង់ទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងញូយ៉ក នឹងនាំមកនូវប្រាក់ចំណូលពន្ធ ១៣.៥ពាន់លានដុល្លារ និងបង្កើតការងារ ៤០,០០០កន្លែង»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Amazon បានប្រកាសថា ខ្លួនបានជ្រើសរើសយកទីក្រុងញូយ៉ក និងទីក្រុង អាលីងតុន (Arlington) នៃរដ្ឋវើជីនៀ (Virginia) ជាទីតាំងសម្រាប់កសាងទីស្នាក់ការថ្មីរបស់ខ្លួន ដែលនឹងបង្កើតការងារ ២៥,០០០កន្លែង សម្រាប់ប្រជាជនអាមេរិករស់នៅក្នុងតំបន់៕