(ម៉ូស្គូ)៖ នៅអំឡុងសមយុទ្ធយោធាទ្រង់ទ្រាយធំនាពេលថ្មីៗនេះ កងទ័ពអង្គការណាតូ (NATO) បានហ្វឹកហាត់ពីរបៀបប្រយុទ្ធជាមួយ សត្រូវដែលចង់ឈ្លានពានប្រទេសន័រវែស ហើយទោះជាមិនបានបញ្ជាក់ថា សត្រូវនោះជានរណាក៏ដោយ តែរុស្ស៉ីអះអាងថា សមយុទ្ធយោធានេះមានចេតនាប្រឆាំងនឹងខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមយុទ្ធយោធាទ្រង់ទ្រាយធំ Trident Juncture របស់អង្គការណាតូ ត្រូវបានធ្វើឡើងនៅឯឈូងសមុទ្រ និងដែនដីរបស់ប្រទេសន័រវែស កាលពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកាកន្លងទៅ។ សមយុទ្ធយោធានេះមានការចូលរួមពីកងទ័ព ៥០,០០០នាក់ មកពីប្រទេសចំនួន ៣១, យន្ដហោះចម្បាំង ២៥០គ្រឿង, នាវាចម្បាំង ៦៥គ្រឿង និងរថពាសដែក ព្រមទាំង រថក្រោះ ១០,០០០គ្រឿង។
ដោយឡែកអគ្គលេខាធិការអង្គការណាតូ លោក ហ្សេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg )បានបញ្ជាក់ថា សមយុទ្ធយោធាទ្រង់ទ្រាយធំនេះ មិនមានចេតនាប្រឆាំងនឹងប្រទេសណាមួយឡើយ ពោលគឺវាធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងគាំទ្រដល់កងទ័ពសម្ព័ន្ធមិត្ត ក្នុងទប់ស្កាត់រាល់ការគំរាមកំហែងណាមួយតែប៉ុណ្ណោះ។
ក៏ប៉ុន្តែទន្ទឹមគ្នានេះដែរ ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកថា សមយុទ្ធ Trident Juncture គឺមានចេតនាប្រឆាំងនឹងរុស្ស៊ី ទាំងដែលទីក្រុងម៉ូស្គូមិនបានបង្កការគំរាមកំហែងទាល់តែសោះដល់ប្រទេសន័រវែស ហើយថាការលើកឡើងថា រុស្ស៊ីអាចនឹងឈ្លានពានប្រទេសជិតខាង ក្នុងនោះរួមមានទាំងន័រវែស គឺជាការស្រមើស្រម៉ៃមួយតែប៉ុណ្ណោះ ផ្អែកលើសេណារីយ៉ូនយោបាយ និងយោធានាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា រុស្ស៊ី និងអង្គការណាតូរបស់សហរដ្ឋអាមេរិក បានពើបប្រទះភាពតានតឹងនឹងគ្នាតាំងតែងពីឆ្នាំ២០១៤ មកម្ល៉េះ បន្ទាប់ពីទីក្រុងម៉ូស្គូបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន ហើយដែលនេះបានធ្វើឱ្យប្រទេសក្បែរខាងរុស្ស៊ី មានការព្រួយបារម្ភជាខ្លាំង រហូតដល់អនុញ្ញាតឱ្យសហរដ្ឋអាមេរិក បង្កើនចំនួនយោធា និងធ្វើសមយុទ្ធយោធានៅក្នុងប្រទេសរបស់ពួកគេ ដើម្បីកំញើញរុស្ស៊ី៕