(អាមេរិក)៖ សាកសពជនរងគ្រោះចំនួន ០៦នាក់ថែមទៀត ក្នុងករណីភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ត្រូវបានរកឃើញដោយក្រុមអ្នករុករក ហើយប្រការនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែភ្លើងឆេះព្រៃឈ្មោះថា Camp Fire កើនឡើងដល់ ៤៨នាក់ហើយ និងជាចំនួនច្រើនបំផុតមិនធ្លាប់មាននោះឡើយក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន NBC News នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
សាកសពមនុស្ស ០៦នាក់បន្ថែមខាងលើ ត្រូវបានរកឃើញនៅក្នុងលំនៅឋាន ក្នុងបរិវេណនៃទីក្រុង ផារ៉ាដាយស៍ (Paradise) ដែលបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីភ្លើងឆេះព្រៃ Camp Fire ដែលបានរីករាលដាលឡើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយឥឡូវនេះវាត្រូវគេចាត់ទុកថា ជាភ្លើងឆេះព្រៃដែលការខូចខាតខ្លាំង និងសម្លាប់មនុស្សច្រើនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តភ្លើងឆេះព្រៃរបស់រដ្ឋកាលីហ្វរញ៉ា។ គិតត្រឹមយប់ថ្ងៃអង្គារសប្តាហ៍នេះ Camp Fire បានដុតបំផ្លាញផ្ទៃដីទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់គ្រងបានតែ ៣៥ភាគរយប៉ុណ្ណោះ។
ទន្ទឹមនឹងនេះនៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាក្បែរទីក្រុង ឡូសអាន់ជែឡេស (Los Angeles) ក៏មានការវាយប្រហារពីសំណាក់ភ្លើងឆេះព្រៃចំនួន ០២ផងដែរ គឺ Woolsey Fire និង Hill Fire។ Woolsey Fire បានផ្តាច់ជីវិតមនុស្ស ០២នាក់ និងបានបំផ្លាញផ្ទៃដីទំហំជិត ៤០,០០០ម៉ឺនហិកតា ព្រមទាំងលំនៅឋាននិងសំណង់អគារផ្សេងៗយ៉ាងតិច ៤៣៥ខ្នង ហើយវាកំពុងនៅតែបន្តឆាបឆេះដដែល។ ចំណែក Hill Fire បន្ទាប់ពីឆាបឆេះផ្ទៃដីជិត ២,០០០ហិកតា និងបំផ្លាញសំណង់អគារមួយចំនួនតូច ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក វាត្រូវភ្នាក់ងារពន្លត់អគ្គីភ័យគ្រប់គ្រងបាន ៩០ភាគរយ។
គួរជម្រាបថា Camp Fire បានក្លាយជាភ្លើងឆេះព្រៃផ្តាច់ជីវិតមនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរដ្ឋកាលីហ្វរញ៉ា ខណៈកាលពីមុនគឺភ្លើងឆេះព្រៃឈ្មោះថា Griffith Park Fire ដែលបានសម្លាប់មនុស្ស ២៩នាក់ កាលពីឆ្នាំ១៩៣៣។ សម្រាប់ភ្លើងឆេះព្រៃដែលសម្លាប់មនុស្សច្រើនបំផុតនៅសហរដ្ឋអាមេរិកទាំងមូលវិញនោះ គឺ Peshtigo Fire ដែលបានកើតឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ១៨៧១ នៅរដ្ឋ Wisconsin ដោយមានមនុស្សបាត់បង់ជីវិតតិចបំផុតប្រហែល១,៥០០នាក់ និងច្រើនបំផុតរហូតដល់ ២,៥០០នាក់៕