(អាហ្វហ្គានីស្ថាន)៖ ១៧ឆ្នាំបន្ទាប់ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក ប្រទេសអាហ្វហ្គានីស្ថាននៅតែបន្តស្ថិតនៅក្នុងភាពវឹកវរ ពុករលួយ និងអំពើហង្សាស្ទើរទូទាំងប្រទេស ដែលនេះបានធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថានមួយចំនួនប្ដូរការគិតរបស់ពួកគេថា អាមេរិកគឺជាអ្នកឈ្លានពាន និងធ្វើឱ្យអាហ្វហ្គានីស្ថានធ្លាក់ក្នុងស្ថានភាពដូចសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាម Sputnik បច្ចុប្បន្នរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កំពុងគ្រប់គ្រងទឹកដី ៥៥.៥ភាគរយ។ ប៉ុន្តែអគ្គអធិការដ្ឋានពិសេសរបស់យោធាអាមេរិក សម្រាប់ការកសាងអាហ្វហ្កានីស្ថានឡើងវិញ (SIGAR) បានអះអាងថា ភាគរយនេះគឺមានចំនួនតិចតួចណាស់ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៥។ ចំណែកឯប្រធាន SIGAR លោក ចន ស៊ុបកូ (John Sopko) ក៏ធ្លាប់លើកឡើងនាពេលថ្មីៗនេះដែរថា ក្នុងរយៈពេល ១៧ឆ្នាំមកនេះ បើទោះជាមានកិច្ចខំប្រឹងប្រែង និងជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងក្រុមចំរុះអន្តរជាតិក៏ដោយ ក៏អាហ្វហ្គានីស្ថាននៅតែជាប្រទេសមួយក្រីក្រ កង្វះខាតការអប់រំ និងជាប្រទេសពុករលួយបំផុតមួយនៅលើពិភពលោក។
លើសលពីនេះទៅទៀត លោក ម៉ូហាំម៉ដ អ៊ីស្មែល កាស៊ីមយ៉ា (Mohammed Ismail Qasimyar) ដែលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាសន្តិភាពអាហ្វហ្គានីស្ថាន ក៏បានបង្ហាញការសង្ស័យរបស់លោកដែរថា សហរដ្ឋអាមេរិក និងប៉ាគីស្ថានមានចេតនាបង្កភាពវឹកវរ និងចលាចលនៅក្នុងប្រទេសរបស់លោក ដើម្បីបន្តការគ្រប់គ្រងរបស់ពួកគេ ព្រមទាំងស៉ើបការណ៍លើអ៉ីរ៉ង់ រុស្ស៉ី និងចិន។
គួរជម្រាបថា សហរដ្ឋអាមេរិកបានចូលឈ្លានអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០០១ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ ហើយមកទល់នឹងពេលនេះ អង្គការណាតូរបស់អាមេរិក បានសម្រេចកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនពី ១៥០,០០០នាក់ មកនៅត្រឹម ១៥០០០នាក់។ ក៏ប៉ុន្តែស្របពេលវត្តមានយោធាត្រូវបានកាត់បន្ថយ សហរដ្ឋអាមេរិកបែរជាបង្កើនការវាយប្រហារតាមផ្លូវអាកាសទៅវិញ។
ជាក់ស្ដែងគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨នេះ កងកម្លាំងទ័ពអាកាសអាមេរិក ក្រោមបញ្ជាលោក ដូណាល់ ត្រាំ បានទម្លាក់គ្រាប់បែក ៤,៩៤៣គ្រាប់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ខណៈកាលពីឆ្នាំ២០១១ អាមេរិកបានទម្លាក់គ្រាប់បែក ៤,២៦៦គ្រាប់
គិតត្រឹមរយៈពេលដូចគ្នា ក្រោមយុទ្ធនាគារប្រយុទ្ធប្រឆាំងក្រុមតាលីបង់ និងក្រុម ISIS៕