(សិង្ហបុរី)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា ខ្សែអាត់សំឡេងនៃការធ្វើឃាតអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi គឺពុំមានភស្តុតាងជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ថាព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) មានជាប់ពាក់ព័ន្ធក្នុងរឿងនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការគូសបញ្ជាក់របស់លោក Bolton ត្រូវបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថា តួកគីបានចែករំលែកខ្សែអាត់សំឡេងខាងលើ ជាមួយប្រទេសមួយចំនួន រួមមានទាំងសហរដ្ឋអាមេរិកជាដើម ដោយក្នុងនោះគេបានលឺសំឡេងបុគ្គលម្នាក់ក្នុងចំណោមក្រុមឃាតកដែលបានសម្លាប់លោក Khashoggi និយាយទូរស័ព្ទប្រាប់បុគ្គលម្នាក់ទៀតថា «ប្រាប់ចៅហ្វាយរបស់លោកទៅថា បេសកកម្មបានបញ្ចប់ដោយជោគជ័យហើយ»។
សារព័ត៌មាន New York Times បានអះអាងទៀតថា ក្រុមមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថា ពាក្យថា «ចៅហ្វាយ» នោះសំដៅទៅលើព្រះអង្គម្ចាស់ Bin Salman ហើយបុគ្គលដែលបានហៅទូរស័ព្ទនោះ គឺជាអតីតអង្គរក្សរបស់ព្រះអង្គម្ចាស់ឈ្មោះ ម៉ាហឺ អាប់ឌុលឡាស៊ីស មូត្រេប (Maher Abdulaziz Mutreb)។
កន្លងទៅនេះ អាជ្ញាធរតួកគីបានឲ្យដឹងថា លោក Khashoggi គ្រាន់តែឈានជើងចូលដល់ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី០២ ខែតុលា ដើម្បីយកឯកសារត្រៀមរៀបអាពាហ៍ពិពាហ៍ ត្រូវបានគេសម្លាប់ភ្លាមៗ ខណៈសាកសពរបស់លោកត្រូវកាត់ជាកង់ៗ ហើយយកទៅបោះចោលមិនដឹងនៅទីណាឡើយ។ ប្រធានាធិបតីតួកគី ក៏បានលើកឡើងផងដែរថា ករណីឃាតកម្មនេះត្រូវបានធ្វើឡើងក្រោមការបញ្ជាពីថ្នាក់លើក្នុងជួររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ប៉ុន្តែពុំបានធ្វើការចោទប្រកាន់ចំៗណាមួយឡើយ។
កាលពីខែមុនអារ៉ាប៊ីសាអូឌីតបានប្រកាសថា ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានចាប់ខ្លួន ក្នុងផ្នែកកិច្ចការស៊ើបអង្កេតនៃសំណុំរឿងលោក Khashoggi។ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានបដិសេធថា រាជវង្សអារ៉ាប៊ីសាអូឌីតពុំមានជាប់ពាក់ព័ន្ធ ក្នុងហេតុការណ៍នេះឡើយ៕