(សិង្ហបុរី)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថានៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកប្រឆាំងជំទាស់ជាដាច់ខាត ចំពោះការធ្វើសកម្មភាពយោធាឯកតោភាគីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ស្របពេលដែលក្រុមមន្ត្រីអាមេរិក ក៏បានព្រមានផងដែរថាឱ្យទីក្រុងប៉េកាំងដករាល់មីស៊ីល ដែលខ្លួនបានតំឡើងនៅលើទីប្រជុំកោះជម្លោះ Spratly។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការកត់សម្គាល់ខាងលើរបស់លោក Bolton ធ្វើនៅពេលថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងប្រទេសសិង្ហបុរី នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយលោកថែមទាំងបានបន្ថែមដែរថា សន្ទុះនៃការធ្វើសេរីភាពនាវាចរនៅក្នុងតំបន់ជម្លោះរបស់សហរដ្ឋអាមេរិកបានកើនឡើង។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យសម្គាល់គឺថា ការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីកំពូលអាមេរិកនិងចិន បានជួបប្រជុំគ្នានៅក្នុងជំនួបទ្វេភាគីមួយ ជាទីដែលទីក្រុងប៉េកាំង បានស្នើឱ្យសហរដ្ឋអាមេរិកបញ្ឈប់បញ្ជូននាវាពិឃាត និងយន្ដហោះចម្បាំងរបស់ខ្លួនមកកាន់តំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង និងបញ្ជៀសរាល់សកម្មភាពដែលអាចបំផ្លាញដល់អធិបតេយ្យភាពរបស់ចិន និងផលប្រយោជន៍សន្តិសុខ។
តែទោះជាយ៉ាងនេះក្ដី បើតាមសេចក្ដីថ្លែងការណ៍រួមចេញផ្សាយក្រោយជំនួបនេះ សហរដ្ឋអាមេរិកនិងចិនបានឈានដល់ការឯកភាពគ្នាលើការប្ដេជ្ញាចិត្តមិនប្រឈមមុខដាក់គ្នាព្រមទាំងគាំទ្រដល់ការដោះស្រាយជម្លោះនៅតំបន់ជម្លោះដោយសន្តិវិធី។
សូមជម្រាបថា កាលពីខែតុលាកន្លងទៅ នាវាចម្បាំងអាមេរិកនិងចិន បានប្រឈមមុខដាក់គ្នាជាច្រើនលើក ជាពិសេសគឺការបញ្ជូននាវាចម្បាំងពិឃាតចិន Luyang ទៅបណ្ដេញនាវាពិឃាតអាមេរិក USS Decatur ឱ្យចេញឆ្ងាយពីតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន៕