(ហ្សាការតា)៖ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីបានឲ្យដឹងថា អាកាសយានិកទាំងឡាយរបស់យន្តហោះ Boeing 737 ត្រូវការឆ្លងកាត់ការហាត់រៀនបន្ថែមទៀត ក្រោយពីមានការរកឃើញថា ក្រុមពីឡុតនៃយន្តហោះរបស់អាកាសចរណ៍ Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនោះ អាចបានជួបប្រទះស្ថានការណ៍ដែលពុំមានចែងនៅក្នុងសៀវភៅហោះហើររបស់យន្តហោះនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមព័ត៌មានដែលយកបានពីប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ របស់យន្តហោះ Boeing 737 MAX ដែលធ្លាក់នោះកាលពីសប្តាហ៍មុន បានជំរុញឲ្យទីភ្នាក់ងារគ្រប់គ្រងវិស័យអាកាសចរណ៍អាមេរិក FAA ចេញសេចក្តីបង្គាប់ជាបន្ទាន់មួយដែលស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍នានាធ្វើបច្ចុប្បន្នសៀវភៅណែនាំការហោះហើររបស់ពួកគេ។
សេចក្តីបង្គាប់នោះបានរំលឹកអាកាសយានិកឲ្យប្រុងប្រយ័ត្ន ចំពោះប្រព័ន្ធកុំព្យូទ័រនៅលើយន្តហោះ Boeing 737 MAX ដែល Boeing បានបំពាក់ដើម្បីបង្ការកុំឲ្យមានការគាំងម៉ាស៊ីននោះ ដែលអាចធ្វើឲ្យយន្តហោះសំយ៉ុងក្បាលចុះក្រោមយ៉ាងគំហុកភ្លាមៗរហូតដល់១០វិនាទី ក្នុងស្ថានការណ៍ណាមួយ សូម្បីតែនៅពេលដែលពីឡុតកំពុងកាន់ចង្កូតបញ្ជាផ្ទាល់ក៏ដោយ ខណៈប្រការនេះអាចបង្កផលបំបាកខ្លាំងក្នុងការព្យាយាមគ្រប់គ្រងយន្តហោះ។
ទោះបីជាបើតាមក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី បញ្ហាខាងលើពុំត្រូវបានចែងនៅក្នុងសៀវភៅហោះហើរក៏ដោយ ក្រុមអាកាសយានិកនៅមានបញ្ជីត្រួតពិនិត្យមួយទៀត សម្រាប់ឲ្យពីឡុតធ្វើការបិទប្រព័ន្ធខុសប្រក្រតីនានា នៅពេលដែលយន្តហោះ ចាប់ផ្តើមដាំក្បាលចុះក្រោមខុសពេលវេលា។
ដូច្នេះហើយ ក្រុមអ្នកស៊ើបអង្កេតនឹងធ្វើការស្រាវជ្រាវតទៀតថា តើក្រុមអាកាសយានិករបស់យន្តហោះ Lion Air ដែលជួបគ្រោះអាក្រក់នោះ បានត្រួតពិនិត្យមើលបញ្ជីដែលគេហៅថា Checklist នេះឬក៏អត់ ហើយបើបានត្រួតពិនិត្យតើពួកគេមានពេលគ្រប់គ្រាន់ ដើម្បីបិទប្រព័ន្ធសំយ៉ុងក្បាលយន្តហោះដោយស្វ័យប្រវត្តិ នៅពេលហោះហើរក្នុងរយៈកម្ពស់ត្រឹមជាង ១,៥០០ម៉ែត្រដែរ ឬយ៉ាងណា។
យ៉ាងណាមិញ ដើម្បីបកស្រាយចម្ងល់នេះបានទាំងស្រុង អ្នកស៊ើបអង្កេតអាចនឹងត្រូវការព័ត៌មានពីប្រអប់ខ្មៅមួយទៀត ដែលផ្ទុកសំឡេងសន្ទនានៅក្នុងបន្ទប់ពីឡុត ដែលរកមិនទាន់ឃើញនៅឡើយ។
គួរជម្រាបថា របាយការណ៍បឋមនៃការស៊ើបអង្កេត ជុំវិញករណីធ្លាក់យន្តហោះខាងលើ ក៏នឹងត្រូវចេញផ្សាយនៅថ្ងៃទី២៨ ឬទី២៩ ខែវិច្ឆិកាផងដែរ ពោលគឺប្រមាណ១ខែក្រោយយន្តហោះ Boeing 737 Max របស់អាកាសចរណ៍ Lion Air បានធ្លាក់ទៅក្នុងសមុទ្រខេត្តជ្វា នៃប្រទេសឥណ្ឌូណេស៊ី ដោយបានផ្តាច់ជីវិតមនុស្សទាំង ១៨៩នាក់ ដែលជិះនៅលើនោះ៕