ទីបំផុតវៀតណាមត្រៀមសម្ពោធអាកាសចរណ៍ថ្មីមួយទៀតឈ្មោះ Bamboo Airways ដែលនឹងមានយន្តហោះធ្វើប្រតិបត្តិការ៤៤គ្រឿង
13-11-2018 14:51
(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមថ្មីមួយផ្សេងទៀតឈ្មោះថា អាកាសចរណ៍ឫស្សី (Bamboo Airways) ទើបតែទទួលបានអាជ្ញាប័ណ្ណហើយនឹងត្រូវចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការនាចុងឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយទុនប្រមាណ ៧០០ពាន់លានដុង ដែលស្មើនឹង ៣០.៤លានដុល្លារ អាកាសចរណ៍ Bamboo Airways នឹងបម្រើការហោះហើរថ្នាក់ជាតិ និងអន្តរជាតិចំនួន ១០០ជើង ដោយផ្តោតសំខាន់លើការធ្វើដំណើរត្រង់ រវាងទីក្រុងជាច្រើននៅលើពិភពលោក និងទីតាំងទេសចរណ៍ល្បីៗនៅក្នុងប្រទេសវៀតណាម។
ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ បានចុះកិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ ៨.៦ពាន់លានដុល្លារ ដើម្បីទិញយកយន្តហោះ Boeing និង Airbus ចំនួន ៤៤គ្រឿង។
គួរជម្រាបថា សព្វថ្ងៃវៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ០៤ កំពុងដំណើរការ ស្រាប់រួមមាន Vietnam Airlines, Vietjet Air, Jetstar Pacific, និង Vietnam Air Servives Campany៕