(ម៉ូស្គូ)៖ ការដាក់ទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៉ី គឺជាការចំណាយពេល អត់ប្រយោជន៍ ពីព្រោះការកើនឡើងនៃការធ្វើពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយរុស្ស៉ី បានបង្ហាញយ៉ាងច្បាស់ថាការដាក់ ទណ្ឌកម្មចង់ឱ្យទីក្រុងម៉ូស្គូឯកោ បានបរាជ័យ។ នេះបើតាមលោក Andrei Bystritsky ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Andrei Bystritsky ជាប្រធានមជ្ឈមណ្ឌលស្ទង់មតិរុស្ស៊ី Valdai Discussion Club ធ្វើការកត់សម្គាល់បែបនេះប្រាប់ គេហទំព័រ Ft.com នាពេលថ្មីៗនេះ។ ថ្លែងនាឱកាសនោះ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«ការចង់ឱ្យរុស្ស៊ី ឯកោតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺជារឿងមិនអាចទៅរួចឡើយ ហើយវាមានតែចំណាយពេលអត់ប្រយោជន៍តែប៉ុណ្ណោះ ...ខណៈបច្ចុប្បន្នរុស្ស៉ីមានជម្រើសជាច្រើនដើម្បីឈរជើងនៅលើឆាកអន្តរជាតិ»។
លោក Bystritsky បន្ថែមទៀតថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងការសម្រេចចិត្តឯកភាគីដកខ្លួនចេញពីសន្ធិសញ្ញា អន្តរជាតិរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខ្លួនឯងកាន់តែឯកោ ហើយចិន និងរុស្សីកាន់តែខិតជិតគ្នា ស្របពេលបណ្ដាប្រទេសអឺរ៉ុបមួយចំនួនដូចជាអាល្លឺម៉ង់ រឹតតែបង្កើនទំនាក់ទំនងថាមពលជាមួយរុស្ស៊ី។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី កាលពីឆ្នាំ២០១៤ ក្រោយ ទីក្រុងម៉ូស្គូ ក្រសោបយកតំបន់គ្រីមមៀពីអ៊ុយក្រែន។ ប៉ុន្តែ ទណ្ឌកម្មទាំងនេះត្រូវបានគេមើលឃើញថាហាក់ដូចជាមិនមាន ប្រសិទ្ធភាពឡើយ ដ្បិតចិន តួកគី និងឥណ្ឌា នៅតែចាយលុយរាប់ពាន់លាន់ដុល្លារទិញអាវុធពីរុស្ស៊ី ក្នុងនោះរួមមានដូចជាប្រព័ន្ធ មីស៊ីស S-400 ជាដើម៕