(ម៉ូស្គូ)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់តម្លៃប្រេងក្នុងអត្រា០៦ភាគរយ គឺទៅដល់៨៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៥ និងក្នុងអត្រា០.៩ភាគរយដល់១១២ដុល្លារបារ៉ែលនៅឆ្នាំ២០៤០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ស្តីពីចក្ខុវិស័យនៃវិស័យថាមពលពិភពលោកឆ្នាំ២០១៨របស់ IEA កាលពីខែកញ្ញាកន្លងទៅ តម្លៃប្រេងបានកើនលើសពី៨០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពីវិបត្តិប្រេងឆ្នាំ២០១៤ នៅចំពោះមុខព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយសំខាន់ៗ ព្រមទាំងការថយចុះទិន្នផលប្រេងរបស់វេណេស៊ុយអេឡា និងការសម្រេចចិត្តដោយប្រទេសនាំចេញប្រេងធំៗ ដែលសុទ្ធតែមានឥទ្ធិពលលើលទ្ធភាពនាពេលអនាគតនៃការផលិតប្រេង។
របាយការណ៍ខាងលើបានលើកឡើងទៀតថា ដោយគិតគូរអំពីគោលនយោបាយវិស័យថាមពលនាពេលបច្ចុប្បន្នរបស់ប្រទេសនានានៅលើពិភពលោក រួមជាមួយផែនការផ្សេងៗនៃប្រទេសទាំងនោះ តម្លៃប្រេងត្រូវគេព្យាករណ៍ថានឹងកើនឡើងដោយសន្សឹមៗពីតម្លៃមធ្យម៥២ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០១៧ ទៅ៨៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៥ ៩៦ដុល្លារនៅឆ្នាំ២០៣០ ១០៥ដុល្លារនៅឆ្នាំ២០៣៥ និង១១២ដុល្លារនៅឆ្នាំ២០៤០។
លើសពីនេះទៀត ទីភ្នាក់ងារ IEA រំពឹងថាតម្រូវការប្រេងលើសកលលោកនឹងកើនពី៩៤.៨បារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ២០១៧ទៅ១០៦.៣លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០៤០៕