(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋមន្ត្រីការបរទេសបារាំង ដែលចោទប្រកាន់ថាលោក ប្រធានាធិបតីតួកគី អឺដូហ្កាន់ កំពុងប្រើប្រាស់សំណុំរឿងឃាតកម្មលើអ្នកកាសែត លោក Jamal Khashoggi ជាល្បែងនយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៊ីវ ឡឺទ្រីយ៉ុង (Jean-Yves Le Drian) នៅក្នុងបទសម្ភាសន៍មួយស្ថានីយទូរទស្សន៍ បារាំង France 2 នៅថ្ងៃចន្ទសប្ដាហ៍នេះ ចោទប្រកាន់ត្រង់ៗតែម្ដងថាលោក អឺដូហ្កាន់ បានប្រើប្រាស់សំណុំរឿងឃាតកម្មលើ លោក Khashoggi ជាល្បែងនយោបាយ ហើយថាទីក្រុងប៉ារីស មិនបានទទួលខ្សែអាត់សំឡេងពីការស្លាប់របស់អ្នកកាសែត រូបនេះពីទីក្រុងអង់ការ៉ានោះទេ។
ក៏ប៉ុន្តែ ក្រោយទទួលបានដំណឹងនេះភ្លាម រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlüt Cavusoglu បានចាត់ទុកថាការលើកឡើង របស់លោក ឡឺទ្រីយ៉ុង គឺមិនអាចទទួលយកបានជាដាច់ខាត និងមិនមានការគោរពទាល់តែសោះ។ លោក Cavusoglu បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា៖ «លោករដ្ឋមន្ត្រីការបរទេសបារាំង បានដើរហួសព្រំដែនកំណត់ ហើយ...គាត់គួរតែរឿងឡើងវិញពីរបៀបនិយាយទៅកាន់ប្រមុខរដ្ឋម្នាក់ រីឯការចោទប្រកាន់មកលើប្រធានាធិបតីរបស់យើងគឺ ជារឿងមិនអាចទទួលយកបានជាដាច់ខាត និងគ្មានការគោរពទាល់តែសោះ »។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានអះអាងថាលោកបានចែករំលែកខ្សែអាត់ សំឡេងពីការស្លាប់របស់អ្នកកាសែត Washington Post លោក Khashoggi ឱ្យទៅបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តមួយចំនួនទៀត រួចរាល់ហើយ។ ប៉ុន្តែមានកាណាដាតែប៉ុណ្ណោះ ដែលបានអះអាងថាបានទទួល និងស្ដាប់ខ្សែអាត់សំឡេងនេះ៕