(សាន់ទីអាហ្គោ)៖ រដ្ឋាភិបាលឈីលីបានប្រកាសថា ខ្លួននឹងបញ្ជូនយន្តហោះយោធាមួយគ្រឿងទៅកាន់វេណេស៊ុយអេឡា នាចុងខែវិច្ឆិកានេះ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនត្រឡប់មកវិញ ដោយសារតែស្ថានភាពកាន់តែដុនដាបនៃវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីការបរទេសឈីលី លោក រ៉ូប៊ឺតូ អាំភឺរ៉ូ (Roberto Ampuero) បាននិយាយថា វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំងនៅក្នុងប្រទេសវេណេស៊ុយអេឡា បានបង្ខំឲ្យពលរដ្ឋឈីលីជាច្រើននាក់ ស្នើសុំវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ដោយសារតែពួកគេត្រូវប្រឈមមុខ បញ្ហាលំបាកជាច្រើនក្នុងការរស់នៅទីនោះ។ លោក Ampuero បានបញ្ជាក់ថា «ដូច្នេះរដ្ឋាភិបាលឈីលី នឹងជួយសម្រេចបំណងពួកគេ»។
បើតាមប្រមុខការទូតឈីលី កន្លងមកពលរដ្ឋឈីលីចំនួន ៧៥នាក់ ត្រូវបានជួយឲ្យត្រឡប់មកកាន់ប្រទេសកំណើតវិញនោះ ខណៈនៅសល់សំណើជាង២០០នាក់ផ្សេងទៀត ដែលចង់ចាកចេញពីវេណេស៊ុយអេឡាមកឈីលីវិញ។ លោក Ampuero បាននិយាយថា ការនាំយកពលរដ្ឋខ្លួនមកវិញនឹងប្រព្រឹត្តទៅ នៅចន្លោះសប្តាហ៍ទី ៣ និងទី ៤ នៃខែវិច្ឆិកានេះ។
គួរជម្រាបថា វេណេស៊ុយអេឡាកំពុងប្រឈមនឹងវិបត្តិនយោបាយ ក៏ដូចជាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការធ្លាក់ចុះតម្លៃប្រេងព្រមទាំងចំណូលរដ្ឋាភិបាល។ ការហក់ឡើងខ្លាំងនៃអតិផរណា និងកង្វះខាតមុខទំនិញផ្គត់ផ្គង់ទីផ្សារបានបង្កផ្ទុះការធ្វើបាតុកម្មធំៗនៅទូទាំងប្រទេស ខណៈប្រជាជនវេណេស៊ុយអេឡាផ្ទាល់រាប់សែននាក់ កំពុងព្យាយាមគេចចេញពីបញ្ហាដ៏លំបាកនេះ តាមរយៈការភៀសខ្លួនទៅក្រៅប្រទេស៕