(ញូដេលី)៖ ក្រុមមន្ត្រីឥណ្ឌា​ជាច្រើននាក់​បាននិយាយថា រដ្ឋាភិបាលទីក្រុង​ញូដេលី ជឿជាក់ថា សហរដ្ឋអាមេរិក​នឹងមិនដាក់ទណ្ឌកម្ម​ប្រឆាំងនឹងឥណ្ឌា​ឡើយ ជុំវិញការទិញប្រព័ន្ធ​​មីស៉ីលការពារដែន​អាកាស S-400 ពីប្រទេសរុស្ស៉ី។ នេះ​បើតាមសារព័ត៌មាន​ឥណ្ឌា Hindustan Times ដកស្រង់​ដោយ Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

សារព័ត៌មាន​ឥណ្ឌា Hindustan Times ធ្វើសេចក្ដីរាយការណ៍​បែបនេះ​ ដោយផ្អែកលើប្រភព​ទទួលបានពី​មន្ត្រីឥណ្ឌា ដែលដឹងលឺពីកិច្ចព្រមព្រៀង​​ទិញ S-400 ពីរុស្ស៊ី។ មន្ត្រីទាំងនេះ​បានបញ្ជាក់ ក្នុង​លក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះយ៉ាងដូច្នេះថា «យើងជឿជាក់ថា សហរដ្ឋអាមេរិក​នឹងមិនដាក់ទណ្ឌកម្មប្រឆាំងនឹង​ឥណ្ឌាឡើយ ជុំវិញការទិញ​ប្រព័ន្ធមីស៉ីលការពារ​ដែនអាកាស S-400 ពីរុស្ស៉ី»

ក៏ប៉ុន្តែ​ទន្ទឹមគ្នា ក្រុមមន្ត្រី​ទាំងនេះ​ក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តដាក់ ឬលើកលែងទណ្ឌកម្ម​លើទីក្រុងញូដេលី ពីសំណាក់​សហរដ្ឋអាមេរិក អាចនឹងត្រូវធ្វើឡើង​នៅពេលដែលឥណ្ឌាចាប់​ផ្ដើមបង់លុយទិញ S-400 ឱ្យទីក្រុងម៉ូស្គូ។

គួរជម្រាបថា ឥណ្ឌាបានចុះហត្ថលេខា​ទិញ S-400 ក្នុងតម្លៃ ៥.៤ពាន់លានដុល្លារ​ កាលពីខែតុលាកន្លងទៅ ហើយ​ក្រៅតែពី​ឥណ្ឌា ចិន និងតួកគី ក៏បានបញ្ជា​ទិញប្រព័ន្ធមីស៊ីលនេះ​ពីរុស្សី​ផងដែរ បើទោះជា​មានការព្រមានដាក់​ទណ្ឌកម្មពី
ទីក្រុងវ៉ាស៊ីនតោន​ក៏ដោយ៕