(សាន់ហ្វ្រាន់ស៊ីស្កូ)៖ រដ្ឋភាគពាយ័ព្យនៃសហរដ្ឋអាមេរិកគឺ អាឡាស្កា (Alaska) បានបញ្ចូនក្រុមភ្នាក់ងារពន្លត់អគ្គីភ័យរបស់ខ្លួន ជាបន្ទាន់ទៅកាន់រដ្ឋកាលីហ្វរញ៉ា ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋឈ្មោះថា Camp Fire ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៤២នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ពីដំបូងឡើយរដ្ឋកាលីហ្វរញ៉ា បានព្យាយាមស្នើសុំជំនួយពីតំបន់ដែលនៅក្បែរខាងខ្លួន ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ខ្លាំងនៃភ្លើងឆេះព្រៃដ៏មហាប្រល័យនេះ បានបង្ខំឲ្យអាជ្ញាធរកាលីហ្វរញ៉ា ស្វែងរកជំនួយពីទីភ្នាក់ងារពន្លត់អគ្គិភ័យនៅរដ្ឋឆ្ងាយៗថែមទៀត រួមមានអាឡាស្កាជាដើម។ មិនតែប៉ុណ្ណោះ ក្នុងចំណោមភ្នាក់ងារអគ្គិភ័យរាប់ពាន់នាក់ ដែលបានចូលរួមប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃនេះ ក៏មានមួយចំនួនបានទទួលរងរបួសផងដែរ។
តួលេខមនុស្សស្លាប់ខាងលើនេះបានកើនឡើងពី ២៩នាក់ កាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលអាជ្ញាធរអាមេរិកបញ្ជាក់ថា មានមនុស្សចំនួន ២២៨នាក់បានបាត់ខ្លួន គិតចាប់តាំងតែពីភ្លើងឆេះព្រៃ Camp Fire បានលេចរូបរាងឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ សម្រាប់មនុស្សស្លាប់ទាំង ៤២នាក់នេះ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាននោះឡើយ ក្នុងប្រវត្តិសាស្ត្រនៃគ្រោះមហន្តរាយភ្លើងឆេះព្រៃក្នុងរដ្ឋដែលមានសេដ្ឋកិច្ចលំដាប់ទី ៥ នៅលើពិភពលោកមួយនេះ។
គួរជម្រាបថា បច្ចុប្បន្ននេះភ្លើងឆេះព្រៃធំៗដល់ទៅ ០៣ កំពុងតែលុកលុយរដ្ឋកាលីហ្វរញ៉ា ដោយភ្លើងឆេះព្រៃ Camp Fire កំពុងបង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ខណៈភ្លើងឆេះព្រៃ ០២ទៀត គឺ Woolsey Fire និង Hill Fire កំពុងវាយប្រហារភាគខាងត្បូង។ ភ្លើងឆេះព្រៃ Woolsey Fire ក៏ត្រូវគេរាយការណ៍ថា បានសម្លាប់មនុស្ស ០២នាក់ផងដែរ ខណៈគ្រោះមហន្តរាយភ្លើងឆេះព្រៃទាំង ០៣នេះ បានដុតបំផ្លាញសំណង់អគាររាប់ពាន់ខ្នង និងផ្ទៃដីរាប់ម៉ឺនហិកតា ព្រមទាំងបង្ខំឲ្យប្រជាជនអាមេរិកជម្លៀសខ្លួនរាប់សែននាក់៕