(វ៉ាស៉ីនតោន)៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានសម្រេចចិត្តថានឹងដកពានរង្វាន់កិត្តិយស
ផ្នែកសិទ្ធិមនុស្ស Ambassador of Conscience Award ពីលោកស្រី អោងសាន ស៊ូជីវិញ ដោយសារតែលោកស្រី បរាជ័យ ក្នុងការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី អោងសាន ស៊ូជី បានទទួលពានរង្វាន់កិត្តិយសនេះកាលពីឆ្នាំ២០០៩ នៅអំឡុងពេលដែលលោកស្រី ត្រូវបានយោធា មីយ៉ាន់ម៉ាឃុំខ្លួននៅក្នុងផ្ទះរបស់លោកស្រី។ ដោយឡែក ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Kumi Naidoo ជាអគ្គលេខាធិការអង្គការ Amnesty International បានបញ្ជាក់ថាការសម្រេចចិត្តដកពានរង្វាន់កិតិ្តយសផ្នែកសិទ្ធិមនុស្សពី លោកស្រី ស៊ូជីវិញ គឺដោយសារតែលោកស្រីបរាជ័យក្នុងការទប់ស្កាត់ អំពើហិង្សាប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ា។
លោក Naidoo បានលើកឡើងដូច្នេះថា៖ «យើងពិតជាមានការសោកស្ដាយជាពន់ពេកដែលអ្នក (លោកស្រីស៊ូជី) លែងជា និមិត្តរូបនៃក្ដីសង្ឃឹម ភាពក្លាហាន និងសិទ្ធិមនុស្សតទៅទៀត... បន្ថែមពីលើនេះ លោកស្រីបានបដិសេធចំពោះភាពធ្ងន់ធ្ងរ និងអំពើឃោរឃៅប្រឆាំងនឹងរ៉ូហ៊ីងយ៉ា ដែលនេះមានន័យថាមានសង្ឃឹមតិចតួចណាស់ដែលស្ថានភាពបច្ចុប្បន្នរបស់រ៉ូហ៊ីងយ៉ា នឹងមានភាពប្រសើរឡើងវិញ»។
គួរបញ្ជាក់ថា នេះគឺជាការបាត់បង់ពានរង្វាន់កិត្តិយសផ្នែកសិទ្ធិមនុស្ស ចុងក្រោយបំផុតមួយជ័យលាភីពានរង្វាន់ណូប៊ែល សន្តិភាពវ័យ៧៣ឆ្នាំ លោកស្រី អោងសាន ស៊ូជី បន្ទាប់ពីសភាកាណាដា សម្រេចចិត្តដកសញ្ជាតិកិត្តយសពីលោកស្រី កាលពីខែតុលាកន្លងទៅ៕