(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានទទួលស្គាល់ថា សហភាពអឺរ៉ុបបានបរាជ័យក្នុងការធ្វើឱ្យប្រាក់អឺរ៉ូ មានភាពរឹងមាំដូចជាប្រាក់ដុល្លារអាមេរិក ដែលប្រការនេះធ្វើឱ្យអឺរ៉ុប នៅតែពឹងផ្អែកលើរូបិយប័ណ្ណអាមេរិកដដែល។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក ម៉ាក្រុង បានលើកឡើងយ៉ាងដូច្នេះថា «រហូតមកទល់នឹងពេលបច្ចុប្បន្ន យើងបាន បរាជ័យក្នុងការធ្វើឲ្យប្រាក់អឺរ៉ូ រឹងមាំដូចប្រាក់ដុល្លារអាមេរិក... ហើយបើទោះជាយើងបានបង្កើតការងារជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏វានៅតែមិនទាន់គ្រប់គ្រាន់ដែរ»។
ប្រធានាធិបតីបារាំងរូបនេះបន្ថែមថា ក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុអឺរ៉ុបមួយចំនួន នៅតែពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ដុល្លារ ហើយនេះគឺជាបញ្ហាអធិបតេយ្យភាពមួយសម្រាប់រូបលោក។ ដូច្នេះបើតាមលោក ម៉ាក្រុង អឺរ៉ុបគួរតែធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុអឺរ៉ុបទាំងអស់ ក្រោមកំរិតអឺរ៉ុប និងជាមួយដៃគូអឺរ៉ុបទាំងឡាយ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រាក់អឺរ៉ូ លេងសូវពឹងផ្អែកលើប្រាក់ដុល្លារ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ម៉ាក្រុង កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានសន្យាថា បារាំងនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការទប់ទល់ជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ តាមរយៈការពង្រឹងប្រាក់អឺរ៉ូនៅលើឆាកអន្តរជាតិ៕