(ប៉ារីស)៖ វត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី ១០០ឆ្នាំ នៃការបញ្ចប់សង្រ្គាមលោកលើកទី ១ បានបង្កឱ្យក្រុមអ្នកមិនពេញចិត្តនឹងរូបលោកនាំគ្នាធ្វើបាតុកម្មតវ៉ា ខណៈបាតុករខ្លះជា ស្រី្តបានដោះអាវចេញទាំងអស់ និងស្រែកប្រឆាំង រីឯអ្នកខ្លះនំាគ្នាបង្ហោះបាឡុងរូបថ្លុក ជាកូនក្មេងបៀមដៃរបស់លោក ត្រាំ ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅល្ងាចថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ស្រ្តីម្នាក់បានដោះអាវស្រែកប្រឆាំងនឹងវត្តមានរបស់លោក ត្រាំ ក្នុងពេលដែលក្បួនរថយន្ដរបស់លោក ធ្វើដំណើរនៅលើវិថី Champs-Elysees។ ស្ត្រីរូបនេះថែមទាំងសរសេរពាក្យពេចន៍មានខ្លឹមសារថា «អ្នកបង្កើតសន្តិភាពក្លែងក្លាយ» នៅលើដើមទ្រូងខ្លួនផងដែរ។
ដោយឡែកក្រោយភាពចម្រូងចម្រាស ក្រុមរ៉ាឌីកាល់ស្រ្តីបារាំងមួយឈ្មោះ ហ្វេមិន (Femen) បានចេញមុខទទួលខុសត្រូវលើឧប្បទ្ទវហេតុនេះ ដោយបញ្ជាក់លើសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «Femen ជឿជាក់ថា ការកសាងសន្តិភាពនៅលើពិភពលោក ដោយក្រុមមនុស្សដែលកំពុងបង្កសង្រ្គាម តើពួកគេអាចធ្វើការងារ ដើម្បីសន្តិភាពបានយ៉ាងដូចម្ដេច?»។
គួរបញ្ជាក់ថា ក្រុម Femen ក៏បានរិះគន់ និងធ្វើការតវ៉ាប្រឆាំងនឹងវត្តមានរបស់ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ ផងដែរ រីឯប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស ០២នាក់៕