(តេហេរ៉ង់)៖ កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ នឹងការពារកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ ប្រឆាំងនឹងរាល់ការគំរាមកំហែងទាំងឡាយ បន្ទាប់ពីសហរដ្ឋអាមេរិកព្រមានបណ្ដាប្រទេសទាំងអស់ កុំឱ្យស្វាគម៍កប៉ាល់ដឹកប្រេងអ៉ីរ៉ង់។ នេះបើតាមសម្តីមន្ត្រីយោធាជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការព្រមានរបស់មេបញ្ជាការរងកងទ័ពអ៉ីរ៉ង់ លោក ម៉ាហ៍មួដ មួសាវី (Mahmoud Mousavi )ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយ ប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ ISNA នៅថ្ងៃចន្ទនេះ។ នាឱកាសនោះ លោក Mousavi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដូចដែលធ្លាប់បានធ្វើពីអតីតកាល ដើម្បីការពារកប៉ាល់ដឹកប្រេងរបស់យើង ប្រឆាំងនឹងរាល់ការគំរាមកំហែង... ដូច្នេះយើងនឹងអាចបន្តធ្វើប្រើប្រាស់ផ្លូវទឹកក្នុងការដឹកជញ្ជូន»។
គួរជម្រាបថា សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើអ៉ីរ៉ង់ឡើងវិញហើយ កាលពីថ្ងៃចន្ទសប្ដាហ៍មុនបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដកទីក្រុងវ៉ាស៉ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ដែលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ជាអ្នកកៀរគរបង្កើតឡើងរួមគ្នាកាលពីឆ្នាំ២០១៥។ ម្យ៉ាងវិញទៀតការដាក់ទណ្ឌកម្មឡើងវិញនេះ គឺផ្ដោតសំខាន់លើវិស័យប្រេង ធនាគារ និងការដឹកជញ្ជូនរបស់អ៉ីរ៉ង់៕