(តូក្យូ)៖ យន្តហោះចម្បាំងមួយគ្រឿងធុន F-18 របស់នាវាដឹកយន្តហោះអាមេរិក USS Ronald Reagan ត្រូវសារព័ត៌មានជប៉ុនរាយការណ៍ថា បានធ្លាក់ទៅក្នុងសមុទ្រនៅចម្ងាយប្រហែលជា៣០០គីឡូម៉ែត្រ ភាគនិរតីខេត្តអូគីណាវ៉ានៃប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
យន្តហោះចម្បាំងខាងលើ ដែលមានមូលដ្ឋាននៅបន្ទាយទ័ពអាកាសនៃកងម៉ារីនអាមេរិក Iwakuni ក្នុងខេត្ត Yamaguchi របស់ជប៉ុន បានធ្លាក់ទៅក្នុងសមុទ្រដោយសារតែបញ្ហាគ្រឿងម៉ាស៊ីន នៅអំឡុងពេលធ្វើការហោះហ្វឹកហ្វឺនមួយ នាថ្ងៃចន្ទនេះ ខណៈអាកាសយានិកទាំង០២នាក់របស់យន្តហោះ ត្រូវបានជួយសង្រ្គោះនិងស្ថិតក្នុងស្ថានភាពល្អធម្មតា។
គួរជម្រាបថា នេះពុំមែនជាហេតុការណ៍គ្រោះថ្នាក់ទីមួយឡើយ ដែលមានជាប់ពាក់ព័ន្ធនឹងយន្តហោះនៃនាវាដឹកយន្តហោះ USS Ronald Reagan របស់សហរដ្ឋអាមេរិកនាពេលថ្មីៗកន្លងទៅនេះ ដោយកាលពីតុលា ឧទ្ធម្ភាគចក្រមួយគ្រឿងធុន MH-60 បានធ្លាក់នៅលើនាវានោះតែម្តង ក្រោយពីបានហោះឡើងតែបន្តិចប៉ុណ្ណោះ ដែលហេតុការណ៍នោះ បានបង្កឲ្យមនុស្សមួយចំនួនស្លាប់ថែមទៀតផង៕