(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលមានគោលដៅធ្វើដំណើរពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុង Norilsk បានធ្វើការចុះចតជាបន្ទាន់នៅ Norilsk ប៉ុន្តែពុំបានបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
យន្តហោះខាងលើគឺជាប្រភេទ Boeing 737-800 និងស្ថិតក្រោមការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី NordStar។ នៅពេលកើតហេតុយន្តហោះនេះ មានផ្ទុកអ្នកដំណើរជាមនុស្សពេញវ័យចំនួន១៦៦នាក់ ព្រមទាំងកុមារ២០នាក់ រួមជាមួយក្រុមអាកាសយានិកនិងបុគ្គលិកបម្រើការលើយន្តហោះសរុប០៦នាក់។
គួរជម្រាបថា កាលពីម្សិលមិញនេះ យន្តហោះដឹកអ្នកដំណើរ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Air France ដែលមានដឹកអ្នកដំណើរ២៨២នាក់ពីទីក្រុងប៉ារីសទៅកាន់ទីក្រុងសៀងហៃ ក៏បានធ្វើការចុះចតបន្ទាន់នៅឯអាកាសយានដ្ឋាន Irkutsk ក្នុងភាគខាងកើតតំបន់ស៊ីបេរីនៃប្រទេសរុស្ស៉ីផងដែរ៕