(អង់ការ៉ា)៖ ប្រធានស៉ើបអង្កេតនៃសារព័ត៌មានតួកគី Daily Sabah លោក ណាហ្ស៊ីហ្វ ការ៉ាម៉ាន់ (Nazif Karaman) បានឱ្យដឹងថា លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បាននិយាយពាក្យចុងក្រោយមុននឹងស្លាប់ដូច្នេះថា «ខ្ញុំថប់ដង្ហើមខ្លាំងណាស់ ... យកថង់ប្លាស្ទិកចេញពីក្បាលរបស់ខ្ញុំ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Karaman ធ្វើការកត់សម្គាល់បែបនេះប្រាប់ Al Jazeera កាលពីថ្ងៃអាទិត្យ ដោយផ្អែកលើខ្សែអាត់សំឡេងមួយ មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត និងបន្ទាប់ពីប៉ូលិសតួកគីប្រកាស
បិទបញ្ចប់ការស្វែងរកសាកសពអ្នកសារព័ត៌មានអាមេរិក Washington Post រូបនេះ។
លោក Karaman បានបញ្ជាក់ទៀតថា លោក Khashoggi ស្លាប់ដោយសារថប់ដង្ហើម ខណៈគេយកថង់បា្លស្ទិកគ្របក្បាលរបស់លោក ហើយអំពើឃាតកម្មនេះមាន រយៈពេលជាង ០៧នាទី។ លើសពីនេះទៅទៀត លោកក៏បានអះអាងដែរថា ទីភ្នាក់ងារអារ៉ាប៊ីសាអូឌីត បានក្រាលថង់បាស្ទិក ជាច្រើននៅលើឥដ្ឋក្នុងស្ថានកុងស៊ុល មុននឹងកាត់សាកសពលោក Khashoggi ជាកង់ៗ និងរំលាយសាកសពក្រោមការដឹកនាំ អស់រយៈពេលជាង ១៥នាទី របស់ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រកោសវិច័យអារ៉ាប៊ីសាអូឌីត (Saudi Scientific Council of Forensics) លោក សាឡាហ៍ អាល់ ទូបៃជី (Salah al-Tubaigy)។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីតួកគីលោក អឺដូហ្កាន់ បាននិយាយថា លោកបានប្រគល់ខ្សែអាត់សំឡេង អំពីការស្លាប់របស់លោក Khashoggi ឱ្យទៅសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ បារាំង និងអង់គ្លេស រួចរាល់អស់ហើយ។ លោក អឺដូហ្កាន់ បានបន្ថែមថា អារ៉ាប៊ីសាអូឌីតបានដឹងយ៉ាងច្បាស់ពីឃាតកសម្លាប់លោក Khashoggi នៅក្នុងចំណោមទីភ្នាក់ងារអារ៉ាប៊ីសាអីឌីត ១៥នាក់ ដែលធ្វើដំណើរមកកាន់ទីក្រុងអ៉ីស្ដង់ប៊ូល មុនថ្ងៃទី០២ ខែតុលា។
លោក Khashoggi ដែលជាអ្នករិះគន់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីនសាល់ម៉ាន់ ដ៏ខ្លាំងក្លាម្នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី ០២ ខែតុលា កន្លងទៅ។ ប៉ុន្តែពីដំបូងៗទីក្រុងរីយ៉ាដ បានទាត់ចោលរាល់ការចោទប្រកាន់ ដែលថាគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតមានជាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ហើយសន្យាថានឹងនាំខ្លួនអ្នកពាក់ព័ន្ធទាំងអស់ មកកាត់ទោសតាមច្បាប់៕