(អាមេរិក)៖ ខណៈភ្លើងឆេះព្រៃនៅតែបន្តលុកលុយ នៅក្នុងរដ្ឋកាលីហ្វរញ៉ា រូបភាពថ្មីៗដែលថតពីផ្កាយរណបបានបង្ហាញឲ្យឃើញ ពីទំហំដ៏ធំសម្បើមនៃភ្លើងឆេះព្រៃ Camp Fire ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើទីក្រុង Paradise នៅភាគខាងជើងរដ្ឋ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបភាពថ្មីៗនៃភ្លើងឆេះព្រៃដ៏អាក្រក់ខាងលើ ដែលថតបានដោយផ្កាយរណប DigitalGlobe's WorldView 3 បានបង្ហាញពីទិដ្ឋភាពស្ទើរតែមិនគួរឲ្យជឿរបស់ Camp Fire ខណៈដែលវានៅតែបន្តរីករាលដាលខ្លាំងឡើងៗ នៅតំបន់ភាគខាងជើងកាលីហ្វរញ៉ា។ រូបភាពពីផ្កាយរណបដែលមានពណ៌ធម្មជាតិ បានឲ្យឃើញពីដុំផ្សែងក្រាស់នៃអណ្តាតភ្លើងនៅជុំវិញក្រុងដទៃៗទៀតក្បែរទីក្រុង ផារ៉ាដាយស៍ (Paradise) រីឯរូបភាពមួយចំនួនទៀតដែលថតដោយប្រើបច្ចេកវិទ្យា Shortwave Infrared របស់ផ្កាយរណប WorldView-3 អាចមើលឃើញកាត់ដុំផ្សែង ឃើញពីអណ្តាតភ្លើងផ្ទាល់តែម្តង។
គួរជម្រាបថា Camp Fire ដែលលេចរូបរាងឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានក្លាយជាភ្លើងឆេះដ៏ប្រល័យបំផុតមួយ ប្រចាំរដ្ឋកាលីហ្វរញ៉ា ដោយវាបានឆក់យកជីវិតមនុស្សកើនដល់ ២៩នាក់។ ក្រៅពីនេះផ្ទៃដីរាប់ម៉ឺនហិកតាត្រូវបានឆាបឆេះ ទីក្រុង Paradise បានរងការបំផ្លិចបំផ្លាញធ្ងន់ ខណៈវាទើបត្រូវគេគ្រប់គ្រងបានប្រហែល ២០ភាគរយប៉ុណ្ណោះ។
លើសពីនេះទៀតនោះ ភ្លើងឆេះព្រៃធំៗចំនួន ០២ផ្សេងទៀត ក៏កំពុងវាយលុកភាគខាងត្បូងកាលីហ្វរញ៉ាផងដែរ ដោយពួកវាមានឈ្មោះថា Woolsey Fire ដែលបានដុតបំផ្លាញដីប្រមាណ ០៤ម៉ឺនហិកតា ទើបត្រូវគ្រប់គ្រងបាន ០៥ភាគរយ រីឯមួយទៀតឈ្មោះ Hill Fire ដែលបានឆាបឆេះផ្ទៃដីទំហំ ០២ពាន់ហិកតា និងទើបត្រូវគ្រប់គ្រងបាន ៦៥ភាគរយ។ Woolsey Fire ក៏បានផ្តាច់ជីវិតមនុស្ស ០២នាក់ផងដែរ៕