(ប៉េកាំង)៖ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប៉ាពួញូហ្គីណេ ព្រុយណេ និងហ្វីលីពីន​ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ ខែវិច្ឆិកា ហើយ​លោកនឹងចូលរួម​ផង​ដែរក្នុងកិច្ចប្រជុំកំពូល​ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ពីថ្ងៃទី១៧ ដល់ទី១៨ ខែវិច្ឆិកា នៅរដ្ឋធានី ផតម៉ូរែស្បាយ (Port Moresby) របស់​ប៉ាពូញូហ្គីណេ​។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

គម្រោងទស្សនកិច្ច​ខាងលើនេះ​ត្រូវបានប្រកាស​ឲ្យដឹង តាមរយៈអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង (Lu Kang) នា​ព្រឹកថ្ងៃចន្ទនេះ។ បើតាមសេចក្តី​ប្រកាស ក្នុងអំឡុងពេល​បំពេញទស្សនកិច្ចនៅ​ប៉ាពួញូហ្គីណេ លោកប្រធានាធិបតី​ចិន​នឹង​ឆ្លៀតឱកាស​ជួបពិភាក្សាការងារ ជាមួយបណ្តាមេដឹកនាំ​ប្រទេសដីកោះនៅ​ប៉ាស៊ីហ្វិក ដែលមានចំណង​ការទូត​ជាមួយ​​ទីក្រុងប៉េកាំង​ថែមទៀត​ផង។

គួរជម្រាបថា ដំណើរទស្សនកិច្ច​របស់លោកនឹងធ្វើឡើង ក្រោមការអញ្ជើញ​ពីសំណាក់​ប្រមុខរដ្ឋ​ប៉ាពូញូហ្គីណេ លោក បុប ដាឌែ (Bob Dadae) និង​នាយករដ្ឋមន្រ្តីប៉ាពូញូហ្គីណេ លោក ភីធើ អូនែល (Peter O'Neill) ព្រមទាំង​​​ព្រះចៅស៊ូលតង់​​ព្រុយណេ ហាស្សាណាល់ បូលខៀ (Hassanal Bolkiah) រួមជាមួយ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ លោក ស៊ី ត្រូវបានអញ្ជើញ​ឲ្យចូលរួមកិច្ចប្រជុំ APEC ដោយ​លោក O'Neill៕