(ប៉ាឡេស្ទីន)៖ ក្រុមមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ០៦នាក់ ក្នុងនោះរួមទាំងមេបញ្ជាការកងកម្លាំងនៃក្រុមហាម៉ាស់ប្រចាំតំបន់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់យោធាអ៉ីស្រាអែលលើតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមយោធាអ៉ីស្រាអែល កងកម្លាំងអ៉ីស្រាអែលម្នាក់ក៏បានស្លាប់ផងដែរ និងម្នាក់ទៀតរងរបួសនៅក្នុងប្រតិបត្តិការពិសេសមួយក្នុងតំបន់ Gaza Strip កាលពីថ្ងៃអាទិត្យ។ បន្ថែមពីនេះយោធាអ៉ីស្រាអែល បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ធ្វើឡើងជាការសងសឹកទៅនឹង ក្រុមហាម៉ាស់ ដែលបានបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៉ីស្រាអែល។
គួរបញ្ជាក់ថា ក្រោយការប៉ះទង្គិចគ្នានេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចទៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីចូលរួមខួបទី ១០០ឆ្នាំ នៃការបញ្ចប់សង្រ្គាមលោកលើកទី១៕