(សៀងហៃ)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ចិន Alibaba នាថ្ងៃអាទិត្យនេះ អាចរកចំណូលបានដល់ទៅ៦៩ពាន់លានយាន់ ដែលស្មើនឹង៩.៩២ពាន់លានដុល្លារ នៅក្នុងរយៈពេលមួយម៉ោងដំបូងនៃការចាប់ផ្តើមថ្ងៃលក់បញ្ចុះតម្លៃពិសេសប្រចាំឆ្នាំមានឈ្មោះថា Singles' Day Sales។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមហ៊ុន Alibaba បានបើកព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ តាមរយៈការរៀបចំពិធីជប់លៀងយ៉ាងធំមួយ នៅឯទីក្រុងសៀងហៃ ប្រទេសចិន។ ថ្ងៃ Singles' Day ដែលមានប្រភពដំបូងចេញមកពីចិននោះ ជាថ្ងៃលក់បញ្ចុះតម្លៃទំនិញអនឡាញដ៏ធំបំផុតនៅលើពិភពលោក ខណៈកាលពីឆ្នាំទៅមិញ បាននាំចំណូលសរុបឲ្យ Alibaba ចំនួន១៦៨ពាន់លានយាន់ (២៤.១៥ពាន់លានដុល្លារ)។
គួរជម្រាបថា Singles' Day Sales លើកនេះ ត្រូវគេរំពឹងថានឹងជាថ្ងៃលក់បញ្ចុះតម្លៃខែវិច្ឆិកាលើកចុងក្រោយ ដែល Alibaba នៅមានលោក Jack Ma ធ្វើជាអ្នកដឹកនាំ ដោយមហាសេដ្ឋីចិនរូបនេះ ដែលជាសហស្ថាបនិកផងដែរនោះ បានប្រកាសកាលពីខែកញ្ញាថានឹងលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Alibaba នៅខែកញ្ញា ឆ្នាំ២០១៩៕