(អាមេរិក)៖ មនុស្សយ៉ាងតិចកើនដល់២៣នាក់ហើយ ដែលបានបាត់បង់ជិវិតដោយសារ ភ្លើងឆេះព្រៃឈ្មោះថា Camp Fire នៅតំបន់ Butte County ភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ខណៈសំណង់អគារភាគច្រើនៅឯទីក្រុង Paradise ត្រូវបានបំផ្លិចបំផ្លាញហិនហោច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CBS News នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
រហូតមកទល់ពេលនេះ ភ្លើងឆេះព្រៃ Camp Fire បានដុតបំផ្លាញលំនៅឋាននិងហាងលក់ដូរជាង៦,៧០០កន្លែង ក្នុងទីក្រុង Paradise ហើយមនុស្សប្រហែល៣៥នាក់ទៀត ត្រូវអាជ្ញាធរអះអាងថានៅបន្តបាត់ខ្លួន។ លើសពីនេះទៀត Camp Fire ពុំមែនជាភ្លើងឆេះព្រៃតែមួយដែលកំពុងលុកលុយរដ្ឋកាលីហ្វរញ៉ានោះឡើយ ដោយនាភាគខាងត្បូងវិញ ភ្លើងឆេះព្រៃចំនួន០២ទៀតឈ្មោះថា Woolsey និង Hill Fire កំពុងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរមិនចាញ់ Camp Fire ឡើយ និងបានបង្ខំឲ្យមនុស្សជាង២៥០,០០០នាក់ជម្លៀសខ្លួនទៅរកទីសុវត្ថិភាព។
គួរជម្រាបថា គ្រោះភ្លើងឆេះព្រៃទាំងអស់នេះ បានរីករាលដាលក្នុងកម្រិតយ៉ាងឆាប់រហ័ស ដោយសារតែការអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង។ យ៉ាងណាមិញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋកាលីហ្វញ៉ា បាននិងកំពុងបន្តខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីបង្រ្កាបក៏ដូចជាពន្លត់អគ្គិភ័យទាំងនេះ ទោះមានមួយចំនួនបានរងរបួស ក្នុងកិច្ចប្រឹងប្រែងនេះក៏ដោយ៕