(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីមហាជននាថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីលុបចោលទស្សនកិច្ចទៅកាន់ទីលានបញ្ចុះសពកងទ័ពអាមេរិកសម័យសង្រ្គាមលោកលើកទី១មួយកន្លែងនៅឯប្រទេសបារាំង ដោយសារតែមេឃភ្លៀង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក លោក ត្រាំ ដែលកំពុងស្ថិតក្នុងប្រទេសបារាំង ក្នុងឱកាសគម្រប់ខួប១០០ឆ្នាំនៃការបញ្ចប់សង្រ្គាមលោកលើកទី១ រួមទាំងភរិយាលោកស្រី Melania ត្រូវឡើងឧទ្ធម្ភាគចក្រដើម្បីទៅទស្សនកិច្ចនៅទីលានបញ្ចុះសពនិងគោរពវិញ្ញាណក្ខន្ធ Ainse-Marne នៅទីនោះ ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលវិញដោយសារមេឃភ្លៀង។
ជាការឆ្លើយតបភ្លាមៗ មហាជនភាគច្រើនបានរិះគន់យ៉ាងចាស់ដៃ លើប្រធានាធិបតីអាមេរិករូបនេះ ដោយថាវាគឺជាសញ្ញានៃការមិនគោរពចំពោះពលទាហានអាមេរិក ដែលបានពលីជីវិតនៅក្នុងសង្រ្គាមលោកលើកទីមួយ ពីព្រោះថាការធ្លាក់ភ្លៀងពុំបានរារាំងប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្រ្តីកាណាដា និងនាយករដ្ឋមន្រ្តីអង់គ្លេសជាដើម មិនឲ្យធ្វើទស្សនកិច្ចទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធទាំងនេះឡើយ៕