(ម៉ូស្គូ)៖ យោធាជើងទឹកភូមិភាគខាងជើងរបស់រុស្ស៉ី បានប្រកាសនាថ្ងៃសៅរ៍សប្តាហ៍នេះថា សមយុទ្ធយោធាជើងទឹកប្រឆាំងសកម្មភាពចោរសមុទ្រជាមួយប្រទេសជប៉ុន បានចាប់ផ្តើមប្រព្រឹត្តទៅលើឈូងសមុទ្រ Aden ដែលស្ថិតនៅចន្លោះយេម៉ែននិងសូម៉ាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមលោក Vadim Serga ដែលជាអ្នកនាំពាក្យយោធារុស្ស៉ី ក្រុមនាវាចម្បាំងនៃកងទ័ពជើងទឹករុស្ស៉ី និងមកពីកងស្វ័យការពារជើងទឹករបស់ជប៉ុន បានចូលរួមក្នុងការធ្វើសមយុទ្ធនេះ ក្នុងនោះក៏មាននាវាចម្បាំងប្រឆាំងនាវាមុជទឹក Severomorsk របស់រុស្ស៉ី ព្រមទាំងនាវាពិឃាត Ikazuchi របស់ជប៉ុនផងដែរ។
គួរជម្រាបថា គោលដៅនៃការធ្វើសមយុទ្ធជើងទឹករួមគ្នាខាងលើ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងនាវាចម្បាំងរុស្ស៉ីនិងជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើចោរសមុទ្រក៏ដូចជាភេរវកម្ម៕