(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនាថ្ងៃសៅរ៍សប្តាហ៍នេះ បានប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករកសាកសពជនរងគ្រោះ ក្នុងករណីធ្លាក់យន្តហោះដ៏អាក្រក់កាលពីចុងខែតុលាកន្លងទៅ ដែលបានផ្តាច់ជីវិតមនុស្សទាំង១៨៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ ការតាមស្វែងរកប្រអប់ខ្មៅទី២របស់យន្តហោះ ដែលមានផ្ទុកសំឡេងសន្ទនាក្នុងបន្ទប់អាកាសយានិក នឹងបន្តប្រព្រឹត្តទៅដដែល។ មកទល់ពេលនេះ កញ្ចប់ផ្ទុកបំណែកសាកសពប្រហែល១៩៦កញ្ចប់ ត្រូវបានស្រង់ចេញពីសមុទ្រ ដោយក្នុងនោះជនរងគ្រោះចំនួន៧៩នាក់ត្រូវកំណត់អត្តសញ្ញាណបាន និងប្រគល់ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
ជុំវិញការសម្រេចបិទបញ្ចប់ប្រតិបត្តិរុករកសាកសពនេះ អាជ្ញាធរឥណ្ឌូណេស៊ី បានធ្វើការសូមអភ័យទោសចំពោះសាធារណជន ជាពិសេសនោះ ចំពោះក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះតែម្តង សម្រាប់ការដែលមិនអាចធ្វើឲ្យគ្រប់គ្នាស្កប់ចិត្ត។ ក្រៅពីបំណេកសាកសព បំណែកម៉ាស៊ីន កង់ និងកៅអីយន្តហោះមួយចំនួន ក៏ត្រូវបានស្រង់ចេញពីទឹកផងដែរ ខណៈអ្នកមុជទឹកម្នាក់បានបាត់បង់ជីវិតក្នុងពេលបំពេញប្រតិបត្តិការរុករកនេះ។ ទន្ទឹមនឹងនេះ អាកាសចរណ៍ Lion Air ក៏បានចាប់ផ្តើមសងជំងឺចិត្តជាថវិកាចំនួន១០២,០៥៨ដុល្លារ សម្រាប់ជនរងគ្រោះម្នាក់ៗផងដែរ។
គួរជម្រាបថា យន្តហោះរបស់ Lion Air ធុន Boeing 737-Max ដែលជាយន្តហោះស៊េរីបំផុតមួយលើពិភពលោក បានធ្លាក់ទៅក្នុងសមុទ្រជ្វានៃប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃទី២៩ ខែតុលាកន្លងទៅ ក្រោយហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ ចេញពីទីក្រុងហ្សាការតាឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang។ រហូតមកទល់ពេលនេះ មូលហេតុពិតប្រាកដនៃការធ្លាក់នៅតែមិនទាន់អាចទម្លាយបាន ខណៈបើតាមទិន្នន័យនៃប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ កុងទ័រល្បឿនរបស់យន្តហោះនេះ មានបញ្ហានៅក្នុងការហោះហើរ០៤លើកចុង រួមទាំងនៅពេលដែលវាធ្លាក់៕