(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់០៩នាក់ និងច្រើនជាង ១៥០,០០០នាក់ត្រូវបានជម្លៀស ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈភ្លើងឆេះព្រៃកំណាចចំនួន ០៣ កំពុងលុយលុករដ្ឋកាលីហ្វ័រញ៉ាឈានមកដល់ចុងសប្តាហ៍នេះ៕`
២៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី SANA បានរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកបានផ្ដាច់យកអាយុជីវិតជនស៉ីវិលស៉ីរី ២៦នាក់ នៅក្នុងខេត្តឌែអាល់ហ្សួរ (Deir al-Zour) ស្ថិតនៅភាគខាងកើតប្រទេសស៉ីរី៕
៣៖ អារ៉ាប៊ីសាអូឌីតនៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានស្នើឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់យន្ដហោះចម្បាំង របស់ខ្លួនដែលកំពុងធ្វើប្រតិបត្តិការយោធា នៅក្នុងប្រទេសយ៉ែមែនដោយអះអាងថា ទីក្រុងរីយ៉ាដមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ប្រេងដោយខ្លួនឯង៕
៤៖ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W. Bush) និងភរិយារបស់លោក គឺលោកស្រី ឡូរ៉ា (Laura) នឹងទទួលបានមេដាយខាងសេរីភាព (Liberty Medal) នៅថ្ងៃអាទិត្យស្អែកនេះ (ម៉ោងអាមេរិក) ក្នុង ទីក្រុង Philadelphia៕
៥៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសអាមេរិកឡាទីនមួយនេះ នឹងបន្តការផលិតរ៉ែ និងមាសនៅក្នុងចំនួនកើនឡើងជាលំដាប់ បើទោះបីជាខ្លួនកំពុងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ ពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះគំនិតបង្កើតកងទ័ពអឺរ៉ុបរបស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ដោយចាត់ទុកថា គំនិតនេះគឺជាការប្រមាថមួយ៕