(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា លោកបានចែករំលែកខែ្សអាត់សំឡេងដែល អាចបញ្ជាក់ពីការស្លាប់របស់អ្នកកាសែត លោក Jamal Khashoggi ឱ្យទៅប្រទេសបារាំង អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត អង់គ្លេស និងសហរដ្ឋអាមេរិក រួចរាល់អស់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
បន្ថែមពីលើនេះលោក អឺដូហា្កន់ ក៏បានបញ្ជាក់ជាថ្មីផងដែរថា អារ៉ាប៊ីសាអូឌីតដឹងយ៉ាងច្បាស់ថានរណាជាអ្នកសម្លាប់លោក Khashoggi។ ប៉ុន្តែទន្ទឹមគ្នានេះ ប៉ូលិសត្រូវបានគេរាយការណ៍ថា កំពុងបិទបញ្ចប់ការស្វែងរកសាកសពអ្នកកាសែតរូបនេះ ហើយ ខណៈមកទល់នឹងពេលនេះសាកសពរបស់លោកមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។
គួរបញ្ជាក់ថា លោក Khashoggi ជាអ្នកសារព័ត៌មានមកពីកាសែតអាមេរិក Washington Post និងជាអ្នករិះគន់ការដឹកនាំ បច្ចប្បន្នរបស់ព្រះអង្គម្ចាស់រាជទាយាតអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិនសាល់ម៉ាន។ លោកត្រូវគេសម្លាប់នៅក្នុងស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីថ្ងៃទី០២ ខែតុលា រីឯទីក្រុងរីយ៉ាដ ក៏បានទទួលស្គាល់ពីមរណភាព របស់លោកដែរ តែបានបដិសេធថាអំពើឃាតកម្មនេះមិនមានជាប់ពាក់ព័ន្ធនឹងរាជ្សវង្សអារ៉ាប៊ីសាអូឌីតនោះទេ៕