(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសអាមេរិកឡាទីនមួយនេះ នឹងបន្តការផលិតរ៉ែ និងមាសនៅក្នុងចំនួនកើនឡើងជាលំដាប់ បើទោះបីជាខ្លួនកំពុងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ ពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ឆ្លើយតបទៅនឹងទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកទើបតែទម្លាក់មកក្តៅៗនោះ លោក ម៉ាឌូរ៉ូ បានឆ្លើយតបទៅវិញថា «ប្រទេសវេណេស៊ុយអេឡា នឹងមិនឱនក្បាលចំពោះការបញ្ជា របស់ចក្រពត្តិអាមេរិកនោះឡើយ ហើយវេណេស៊ុយអេឡានឹងនៅតែបន្តផលិតមាសដដែល... វាដូចជារឿងឆ្កួតឡប់ពេកហើយ ក្នុងការមកហាមឃាត់ប្រទេសមួយមិនឲ្យផលិត និងលក់មាសរបស់ខ្លួននោះ...។»
គួរបញ្ជាក់ថា កាលពីដើមខែវិច្ឆិកានេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាដាក់ទណ្ឌកម្មជាផ្លូវការ ទៅលើប្រទេសវេណេស៊ុយអេឡា ដោយក្នុងនោះមានការហាមឃាត់ប្រជាពលរដ្ឋ និងក្រុមហ៊ុននានារបស់អាមេរិក មិនឲ្យធ្វើពាណិជ្ជកម្មមាស ជាមួយវេណេស៊ុយអេឡាថែមទៀតផង។ លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ជាចុងក្រោយថា «តម្លៃដែលបានពីការលក់មាស នឹងត្រូវយកទៅជួយក្នុងវិស័យអប់រំ សុខភាពសាធារណៈ និងការសាងសង់លំនៅឋានជូនរាស្ត្រ»៕