(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសស៉ីរី លោក ចេមស៍ ចេហ្វហ្វ្រៃ (James Jeffrey) បានបង្ហាញក្តីសង្ឃឹមរបស់ទីក្រុងវ៉ាស៊ីនតោនថា រុស្ស៉ីនឹងអនុញាតឱ្យកងកម្លាំងអ៉ីស្រាអែល ទមា្លក់គ្រាប់បែកលើកងកម្លាំងអ៉ីរ៉ង់នៅលើទឹកដីស៉ីរី បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់ ទទួលបានប្រព័ន្ធមីស៉ីលការពារដែនអាកាស S-300។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្ដាហ៍នេះ លោក James Jeffrey បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៉ីធ្លាប់បានពិគ្រោះយោបល់ជាមួយអ៉ីស្រាអែល ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែក ប្រឆាំងនឹងកងកម្លាំងអ៉ីរ៉ង់នៅលើទឹកដីស៉ីរី... ដូច្នេះយើង សង្ឃឹមថាការពិគ្រោះយោបល់នេះនឹងបន្តធ្វើឡើង»។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលត្រូវបានគេមើលឃើញថា បានផ្អាកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសស៉ីរី ក្រោយកងកម្លាំងទ័ពអាកាសរបស់ប្រធានាធិបតីស៉ិរី បាស្សា អាល់អាសាដ ទទួលបានប្រព័ន្ធការពារមីស៉ីល S-300 ពីរុស្ស៉ីកាលពីដើមខែតុលា កន្លងទៅ។ តែទោះជាយ៉ាងនេះក្ដី អ៉ីស្រាអែលបានព្រមានថា បើសិនជាប្រព័ន្ធមីស៉ីលនេះត្រូវបានប្រើប្រាស់ ដើម្បីបាញ់ទម្លាក់ យន្ដហោះយោធា ឬយន្ដហោះឯកជនអ៉ីស្រាអែល នោះទីក្រុងតែលអាវីវនឹងមិនរាករែកឡើយ ក្នុងការវាយប្រហារកម្ទេច S-300៕