(ដាម៉ាស់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី SANA បានរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកបានផ្ដាច់យកអាយុជីវិតជនស៉ីវិលស៉ីរី ២៦នាក់ នៅក្នុងខេត្តឌែអាល់ហ្សួរ (Deir al-Zour) ស្ថិតនៅភាគខាងកើតប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាម SANA ការវាយប្រហារផ្លូវអាកាសខាងលើ បានកើតឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយមានគោលដៅលើមូលដ្ឋានរបស់ក្រុម ISIS ក្នុងទីក្រុង ហាជីន (Hajin) នៃខេត្ត Deir al-Zour ហើយក្នុងចំណោមជនរងគ្រោះក៏មានស្ត្រី និងកុមារផងដែរ។ SANA បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកកំពុងគាំទ្រដល់ កងកម្លាំងស៉ីរី-ឃើដប្រជាធិបតេយ្យ ក្នុងការបោសសំអាតក្រុម ISIS នៅតាមតំបន់ជាច្រើននៃទន្លេ អឺប្រាតស៍ (Euphrates) ស្ថិតនៅក្បែរព្រំដែនអ៉ីរ៉ាក់។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសលើតំបន់ទាំងនេះ បានចាប់ផ្ដើមជាថ្មីឡើងវិញ ក្រោយកងកម្លាំងស៉ីរី-ឃើដប្រជាធិបតេយ្យ បានបរាជ័យក្នុងការវាយយកតំបន់មួយចំនួន ពីពួក ISIS មកវិញ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ៕