(អង់ការ៉ា)៖ «ខ្ញុំបានរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ ពួកគេបានគំរាមខ្ញុំ តើចង់និយាយការពិត ឬក៏ចង់ស្លាប់»។ នេះគឺជាការរៀបរាប់របស់លោក មូស្តាហ្វា ខេ (Mustafa K) ជាអតីតគ្រូបង្រៀនតួកគីម្នាក់ ដកស្រង់ដោយគេហទំព័រ Stockholmcf.org នៅរសៀលថ្ងៃសៅរ៍ ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Mustafa K មានអាយុ ៤០ឆ្នាំ គឺជាគ្រូបង្រៀនតួកគីម្នាក់ ដែលត្រូវបានចាប់ និងឃុំខ្លួនអស់ ៣០ថ្ងៃ ដោយប៉ូលិសតួកគី ក្រោមក្របខណ្ឌ នៃការបោសសំអាតក្រុមអ្នកមានជាប់ពាក់ព័ន្ធ នឹងរដ្ឋប្រហារមិនបានសម្រេច នៅក្នុងប្រទេសតួកគី កាលពីឆ្នាំ២០១៦។
ថ្លែងប្រាប់អ្នកសារព័ត៌មានម្នាក់ឈ្មោះ Sevinç Özarslan អតីតគ្រូបង្រៀនរូបនេះ បានអះអាងថា ក្រៅតែពីរងការធ្វើទារុណកម្ម ប៉ូលិសតួកគីក៏បានគំរាមដល់ក្រុមគ្រួសាររបស់លោកផងដែរ។ លោក Mustafa K បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ពួកគេ បានព្រមានខ្ញុំថា អាចនឹងធ្វើបាបប្រពន្ធរបស់ខ្ញុំ... បន្ទាប់មកភ្លាមៗនោះពួកគេបានយកថង់មួយគ្របក្បាលខ្ញុំ ធ្វើឱ្យខ្ញុំមិនអាចដកដង្ហើមរួចឡើយ ហើយខ្ញុំគិតថាបានស្លាប់ទៅហើយនៅពេលនោះ»។
គួរបញ្ជាក់ថា លោក Mustafa K ត្រូវបានចាប់ និងឃុំខ្លួនក្នុងទីក្រុងអង់ការ៉ា ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមអ្នកធ្វើរដ្ឋប្រហារមិនបានសម្រេច។ លោកត្រូវបានប៉ូលិសតួកគីឃុំខ្លួន ១៥ថ្ងៃ ហើយបានបង្ហាញខ្លួននៅចំពោះមុខតុលាការ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ តែលោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ និងដាក់ឱ្យក្រោមការឃុំខ្លួននៅក្នុងផ្ទះរបស់លោក៕