(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតនៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានស្នើឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់យន្ដហោះចម្បាំង របស់ខ្លួនដែលកំពុងធ្វើប្រតិបត្តិការយោធា នៅក្នុងប្រទេសយ៉ែមែនដោយអះអាងថា ទីក្រុងរីយ៉ាដមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ប្រេងដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency (SPA) ទីក្រុងរីយ៉ាដបានបញ្ជាក់ថា បានសម្រេចចិត្តស្នើឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់យន្ដហោះចម្បាំងរបស់ខ្លួន ដែលកំពុងដឹកនាំក្រុមចំរុះអារ៉ាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយ៉េមែន ពីព្រោះបច្ចុប្បន្នអារ៉ាប៊ីសាអូឌីតអាចដោះស្រាយការផ្គត់ផ្គង់ប្រេង នៅលើអាកាសដោយខ្លួនឯង។ ដោយឡែក មន្ត្រីអាមេរិកម្នាក់ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានអះអាងដែរថា សហរដ្ឋអាមេរិកក៏គាំទ្រការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីតដែរ។
គួរបញ្ជាក់ថា ក្រុមអ្នករិះគន់អារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំងគណបក្សប្រជាធិបតេយ្យ ដែលទើបគ្រប់គ្រងសភាតំណាង រាស្ត្រអាមេរិកឡើងវិញកាលពីថ្ងៃអង្គារ បានរិះគន់យ៉ាងខ្លាំងចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកនៅ ក្នុងសង្រ្គាមយ៉េមែន។ សង្រ្គាមយ៉េមែន ដែលចាប់ផ្ដើមផ្ទុះឡើងនៅឆ្នាំ២០១៥ បានផ្ដាច់ជីវិតមនុស្សច្រើនជាង ១០,០០០នាក់ និងបង្ខំឱ្យប្រជាជនជាង ២លាននាក់ កា្លយជាជនភៀសខ្លួន ខណៈជាច្រើនលាននាក់ទៀតក្នុងនោះមានទាំងកុមារ កំពុងប្រឈមមុខនឹងកង្វះអាហារបំប៉ន និងគ្រោះអត់ឃ្លានកាន់តែធ្ងន់ធ្ងរ៕