(អាមេរិក)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់០៩នាក់ និងច្រើនជាង ១៥០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈភ្លើងឆេះព្រៃកំណាចចំនួន ០៣ កំពុងលុយលុករដ្ឋកាលីហ្វ័រញ៉ាឈានមកដល់ចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៨។
ភ្លើងឆេះព្រៃចំនួន ០៣ កំពុងវាយលុកនៅភាគខាងជើង និងខាងត្បូងរដ្ឋកាលីហ្វរញ៉ា ដោយពួកវាបានបំផ្លិចបំផ្លាញសំណង់អគាររាប់ពាន់ខ្នង ព្រមទាំងបង្ខំឲ្យប្រជាជនអាមេរិករាប់សែននាក់ជម្លៀសខ្លួន គេចចេញពីចង្កូមគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅទាំងនេះ។
ភ្លើងឆេះព្រៃឈ្មោះថា Camp Fire បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅភាគខាងជើងកាលីហ្វរញ៉ា ហើយបន្តរីករាលដាលឡើងយ៉ាងរហ័ស ដោយវាបានដុតបំផ្លាញផ្ទៃដីប្រហែលជាង ៨,០០០ហិកតា និងសំណង់អគារជាង ១,០០០ខ្នង។
ចំណែកភ្លើងឆេះព្រៃមួយទៀតឈ្មោះថា Woolsey Fire បាននិងកំពុងវាយប្រហារទីក្រុង Los Angeles ភាគខាងត្បូង រដ្ឋកាលីហ្វរញ៉ា។ ភ្លើងឆេះព្រៃ Woolsey Fire បានដុតបំផ្លាញផ្ទៃដីដល់ទៅរាប់ពាន់ហិកតា ក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈសារបង្គាប់ឲ្យជម្លៀសខ្លួន ត្រូវបានអនុវត្តន៍នាថ្ងៃសុក្រនេះ ហើយលំនៅឋាន ៣០,០០០ខ្នង ស្ថិតក្រោមការគំរាមកំហែង នៃអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅរបស់ភ្លើងឆេះព្រៃនេះ។
ដោយឡែក នៅក្បែរ Woolsey Fire គឺមានភ្លើងឆេះព្រៃឈ្មោះថា Hill Fire ដែលបានឆាបឆេះផ្ទៃដីទំហំជាង ៤,០០០ហិកតា យ៉ាងឆាប់រហ័សបំផុត បន្ទាប់ពីវាបានចាប់ផ្តើមលេចចេញជារូបរាងឡើង នៅរសៀលថ្ងៃព្រហស្បតិ៍ ខណៈមិននៅទាន់មានលំនៅឋាន និងហាងលក់ដូរណាមួយត្រូវបានភ្លើងឆេះព្រៃនេះលេបត្របាក់នៅឡើយទេ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានឲ្យ ដឹងថា ភ្លើងឆេះព្រៃ Woolsey អាចរាលទៅដល់តំបន់ជាប់មហាសមុទ្រប៉ាស៊ីហ្វិក ថែមទៀតផង។
គួរជម្រាបថា គ្រោះភ្លើងឆេះព្រៃទាំងអស់នេះ បានរីករាលដាលក្នុងកម្រិតយ៉ាងឆាប់រហ័ស ដោយសារតែការអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង។ យ៉ាងណាមិញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋកាលីហ្វញ៉ា បាននិងកំពុងបន្តខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីបង្រ្កាបក៏ដូចជាពន្លត់អគ្គិភ័យទាំងនេះ ទោះមានមួយចំនួនបានរងរបួស ក្នុងកិច្ចប្រឹងប្រែងនេះក៏ដោយ៕