(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ទណ្ឌកម្មថី្មមួយប្រឆាំងនឹងរុស្ស៊ី សម្រាប់ការលូកដៃចូលក្នុងវិបត្តិ នៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រសួងរតនាគារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការដាក់ទណ្ឌកម្មថី្មរបស់សហរដ្ឋអាមេរិក គឺមានគោលដៅលើបុគ្គល ០៣នាក់ និងអង្គភាពរុស្ស៊ីចំនួន ០៩ ដែលបានចូលរួមក្នុងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមផលប្រយោជន៍រុស្ស៊ីនៅក្នុងតំបន់គ្រីមមៀ និងភាគខាងកើតប្រទេសអ៊ុយក្រែន។
បើតាមសេចក្ដីថ្លែងការណ៍នេះដដែល រាល់ទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គភាពទាំងនេះនៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតក្រោមយុត្ថាធិការអាមេរិក នឹងត្រូវបានបង្កក ហើយប្រជាជនអាមេរិកក៏ត្រូវបានហាមឃាត់ ក្នុងការធ្វើពាណិជ្ជកម្មជាមួយពួកគេផងដែរ។
គួរជម្រាបថា កាលពីថ្ងៃអង្គារក្រសួងការបរទេសអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការចោទប្រកាន់ថា ទីក្រុងម៉ូស្គូបានប្រើប្រាស់អាវុធគីមីព្យាយាមបំពុលសម្លាប់ អតីតទីភ្នាក់ងារស៉ើបការណ៍សំងាត់ម្នាក់របស់ ខ្លួននៅលើទឹកដីអង់គ្លេស កាលពីខែមីនាកន្លងទៅ៕