(អាមេរិក)៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់០៥នាក់បានស្លាប់ និងច្រើនជាង១៥០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈភ្លើងឆេះព្រៃកំណាចចំនួន៣ កំពុងលុយលុករដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៨។
ភ្លើងឆេះព្រៃចំនួន០៣ កំពុងវាយលុកនៅភាគខាងជើង និងខាងត្បូងរដ្ឋកាលីហ្វរញ៉ា ដោយពួកវាបានបំផ្លិចបំផ្លាញសំណង់អគាររាប់ពាន់ខ្នង ព្រមទាំងបង្ខំឲ្យប្រជាជនអាមេរិករាប់ម៉ឺននាក់ជម្លៀសខ្លួន គេចចេញពីចង្កូមគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅទាំងនេះ។
ភ្លើងឆេះព្រៃឈ្មោះថា Camp Fire បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅភាគខាងជើងកាលីហ្វរញ៉ា ហើយបន្តរីករាលដាលឡើងយ៉ាងរហ័ស ដោយវាបានដុតបំផ្លាញផ្ទៃដីប្រហែលជាង ៨,០០០ហិកតា និងសំណង់អគារជាង១,០០០ខ្នង។
ចំណែក ភ្លើងឆេះព្រៃមួយទៀតឈ្មោះថា Woolsey Fire បាននិងកំពុងវាយប្រហារទីក្រុង Los Angeles ភាគខាងត្បូង រដ្ឋកាលីហ្វរញ៉ា។ ភ្លើងឆេះព្រៃ Woolsey Fire បានដុតបំផ្លាញផ្ទៃដីដល់ទៅរាប់ពាន់ហិកតាក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈសារបង្គាប់ឲ្យជម្លៀសខ្លួនត្រូវបានអនុវត្តន៍នាថ្ងៃសុក្រនេះ ហើយលំនៅឋាន៣០,០០០ខ្នង ស្ថិតក្រោមការគំរាមកំហែងនៃអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅរបស់ភ្លើងឆេះព្រៃនេះ។
ដោយឡែក នៅក្បែរ Woolsey Fire គឺមានភ្លើងឆេះព្រៃឈ្មោះថា Hill Fire ដែលបានឆាបឆេះផ្ទៃដីទំហំជាង៤,០០០ហិកតា យ៉ាងឆាប់រហ័សបំផុត បន្ទាប់ពីវាបានចាប់ផ្តើមលេចចេញជារូបរាងឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ខណៈមិននៅទាន់មាន លំនៅឋាន និងហាងលក់ដូរណាមួយ ត្រូវបានភ្លើងឆេះព្រៃនេះលេបត្របាក់នៅឡើយទេ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានឲ្យ ដឹងថា ភ្លើងឆេះព្រៃ Woolsey អាចរាលទៅដល់មហាសមុទ្រប៉ាស៊ីហ្វិកថែមទៀតផង។
គួរជម្រាបថា គ្រោះភ្លើងឆេះព្រៃទាំងអស់នេះ បានរីករាលដាលក្នុងកម្រិតយ៉ាងឆាប់រហ័ស ដោយសារតែការមានកម្រិតសំណើម ទាប និងខ្យល់បក់ខ្លាំង។ យ៉ាងណាមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋកាលីហ្វញ៉ា បាននិងកំពុងបន្តខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីបង្រ្កាបក៏ដូចជាពន្លត់អគ្គិភ័យទាំងនេះ ទោះមានមួយចំនួនបានរងរបួសក្នុងកិច្ចប្រឹងប្រែងនេះក៏ដោយ៕