(ម៉ានីល)៖ តុលាការប្រឆាំងអំពើពុករលួយនៃប្រទេសហ្វីលីពីន នាថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអតីតជំទាវទី១ គឺលោកស្រី Imelda Marco រយៈពេលយ៉ាងហោចណាស់៤២ឆ្នាំ បន្ទាប់ពីលោកស្រីត្រូវបានរកឃើញថាពិតជាមានទោសប្រព្រឹត្តអំពើពុករលួយ ដោយសារតែការបង្កើតមូលនិធិឯកជននៅប្រទេសស្វីស និងមានជំពាក់ជំពិននឹងរឿងលុយកាក់ក្នុងក្រុមហ៊ុនមួយចំនួន កាលពីពេលដែលលោកស្រីនៅមានតួនាទីជាមន្រ្តីរដ្ឋាភិបាលនាសម័យឆ្នាំ១៩៦៨ដល់១៩៨៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
តុលាការខាងលើក៏បានបង្គាប់ឲ្យចាប់ខ្លួន ភរិយាអតីតប្រធានាធិបតីហ្វីលីពីនដែលធ្លាក់ចេញពីអំណាច គឺលោក Ferdinand Marcos ផងដែរ។ លោកស្រី Imelda ដែលបច្ចុប្បន្នមានអាយុ៨៩ឆ្នាំ និងមានរហស្សនាមថា «មេអំបៅដែក» ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយ៉ាងតិចបំផុត០៦ឆ្នាំនិងមួយខែ និងយូរបំផុតគឺ១១ឆ្នាំ សម្រាប់បទចោទប្រកាន់នីមួយៗក្នុងចំណោម០៧ បន្ទាប់ពីរួចខ្លួនបានចំនួន០៣ករណី។
លោកស្រី Imelda Marcos សព្វថ្ងៃគឺជាសមាជិកសភាតំណាងរាស្រ្តនៅហ្វីលីពីន ហើយលោកស្រី កំពុងឈរឈ្មោះប្រកួតប្រជែងយកតំណែងអភិបាលខេត្ត Ilocos Norte នៅភាគខាងជើងកោះ Luzon នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៩។ សម្រាប់សាលក្រមផ្តន្ទទោសទោសនេះ គឺលោកស្រី Imelda នៅអាចប្តឹងឧទ្ធរណ៍បាន។
គួរជម្រាបថា ស្វាមីរបស់លោកស្រី លោក Ferdinand Marcos បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន នៅឆ្នាំ១៩៦៥ ប៉ុន្តែបានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅឆ្នាំ១៩៧២ ដែលជាសញ្ញានៃការឈានទៅរករបបផ្តាច់ការ។ ប្រជាជនហ្វីលីពីនរាប់លាននាក់បាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងយ៉ាងកក្រើកនៅខែកុម្ភៈ ឆ្នាំ១៩៨៦ រហូតធ្វើឲ្យរូបលោកនិងភរិយាខ្ទាតចេញពីអំណាចនិងរត់ភៀសខ្លួនទៅដល់ហាវ៉ៃ ជាទីដែលលោក Ferdinand បានទទួលមរណភាពនៅឆ្នាំ១៩៨៩។
លោកស្រី Imelda បានត្រឡប់មកហ្វីលីពីនវិញនៅឆ្នាំ១៩៩២ និងបានបើកយុទ្ធនាការឃោសនាឈរឈ្មោះជាប្រធានាធិបតីប៉ុន្តែបានទទួលបរាជ័យ។ យ៉ាងណាមិញ លោកស្រីទទួលបានអាសនៈក្នុងសភាតំណាងរាស្រ្តនៅឆ្នាំ១៩៩៥។ អតីតជំទាវទីមួយរូបនេះ ត្រូវគេស្គាល់ច្បាស់ដោយសារភាពស៊ីវីល័យ ព្រមទាំងសម្ភារៈដូចជាស្បែកជើងនិងគ្រឿងអលង្ការដ៏មានតម្លៃនិងច្រើនសន្ធឹកសន្ធាប់របស់លោកស្រី៕