(អាមេរិក)៖ ភ្លើងឆេះព្រៃចំនួន០៣កំពុងវាយលុកនៅភាគខាងជើងនិងខាងត្បូងរដ្ឋកាលីហ្វរញ៉ា ដោយពួកវាបានបំផ្លិចបំផ្លាញសំណង់អគាររាប់ពាន់ខ្នង ព្រមទាំងបង្ខំឲ្យប្រជាជនអាមេរិករាប់ម៉ឺននាក់ជម្លៀសខ្លួន គេចចេញពីចង្កូមគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅទាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ភ្លើងឆេះព្រៃឈ្មោះថា Camp Fire បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅភាគខាងជើងកាលីហ្វរញ៉ា ហើយបន្តរីករាលដាលឡើងយ៉ាងរហ័ស ដោយមកទល់ពេលនេះវាបានដុតបំផ្លាញផ្ទៃដីប្រហែលជាង៨,០០០ហិកតា និងបង្ខំឲ្យមនុស្សប្រមាណ៤០,០០០នាក់ជម្លៀសខ្លួនចេញពីតំបន់ Butte County ហើយសំណង់អគារជាង១,០០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ។
ចំណែកភ្លើងឆេះព្រៃមួយទៀតឈ្មោះថា Woolsey Fire បាននិងកំពុងវាយប្រហារទីក្រុង Los Angeles ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា។ ភ្លើងឆេះព្រៃ Woolsey Fire បានដុតបំផ្លាញផ្ទៃដីដល់ទៅរាប់ពាន់ហិកតាក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈសារបង្គាប់ឲ្យជម្លៀសខ្លួនត្រូវបានអនុវត្តន៍នាថ្ងៃសុក្រនេះ ហើយលំនៅឋាន៣០,០០០ខ្នង ស្ថិតក្រោមការគំរាមកំហែងនៃអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅរបស់ភ្លើងឆេះព្រៃនេះ ក្រៅពីសំណង់អគារមួយចំនួនដែលបានរងការបំផ្លិចបំផ្លាញរួចស្រេចទៅហើយ។
នៅក្បែរ Woolsey Fire គឺមានភ្លើងឆេះព្រៃឈ្មោះថា Hill Fire ដែលបានឆាបឆេះផ្ទៃដីទំហំជាង៤,០០០ហិកតាយ៉ាងឆាប់រហ័សបំផុត បន្ទាប់ពីវាបានចាប់ផ្តើមលេចចេញជារូបរាងឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ខណៈមិននៅទាន់មានលំនៅឋាន និងហាងលក់ដូរណាមួយ ត្រូវបានភ្លើងឆេះព្រៃនេះលេបត្របាក់នៅឡើយទេ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានឲ្យដឹងថា ភ្លើងឆេះព្រៃ Woolsey អាចរាលទៅដល់មហាសមុទ្រប៉ាស៊ីហ្វិកថែមទៀតផង។
គួរជម្រាបថា គ្រោះភ្លើងឆេះព្រៃទាំងអស់នេះ បានរីករាលដាលក្នុងកម្រិតយ៉ាងឆាប់រហ័ស ដោយសារតែការមានកម្រិតសំណើមទាប និងខ្យល់បក់ខ្លាំង។ យ៉ាងណាមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋកាលីហ្វញ៉ា បាននិងកំពុងបន្តខិតខំប្រើគ្រប់មធ្យោបាយដើម្បីបង្រ្កាបក៏ដូចជាពន្លត់អគ្គិភ័យទាំងនេះ ទោះមានមួយចំនួនបានរងរបួសក្នុងកិច្ចប្រឹងប្រែងនេះក៏ដោយ៕