(អាមេរិកឡាទីន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សសរុប១២៦នាក់ បានធ្វើការចុះចតខុសបច្ចេកទេសនៅឯអាកាសយានដ្ឋាននៃរដ្ឋធានី Georgetown នៅប្រទេសអាមេរិកឡាទីន Guyuna ជាប់វេណេស៊ុយអេឡា ដោយជាលទ្ធផលមនុស្ស០៦នាក់បានរងរបួស តែពុំមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន NDTV នៅយប់ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
យន្តហោះ Boeing នោះជារបស់ក្រុមហ៊ុនអាកាសចរណ៍ Fly Jamaica Airways មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Toronto នៃប្រទេសកាណាដា នៅពេលវាជួបបញ្ហាបច្ចេកទេសបន្ទាប់ពីហោះឡើងចេញពីព្រលានយន្តហោះខាងលើបានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ហើយបកក្រោយមកចុះចតជាបន្ទាន់វិញ រួចក៏ស្រាប់តែរអិលហួសចេញពីផ្លូវ ហើយជ្រុលទៅបុកនឹងរបងអាកាសយានដ្ឋានតែម្តង។
គួរជម្រាបថា បើតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ អ្នករងរបួសពុំមានស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់គំរាមកំហែងអាយុជីវិតឡើយ។ យន្តហោះខាងលើមានផ្ទុកអ្នកដំណើរចំនួន១១៨នាក់ ព្រមទាំងអាកាសយានិកនិងបុគ្គលិកសរុប០៨នាក់ទៀត៕