(វ៉ាស៉ីនតោន)៖ ក្រុមបាតុករតវ៉ារាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេថា ការតែងតាំងរដ្ឋមន្រ្តីស្តីទីក្រសួងយុត្តិធម៌ និងជាអគ្គរដ្ឋអាជ្ញាស្ដីទីថ្មី លោក Matthew Whitaker អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការស៉ើបអង្កេតជុំវិញសំណុំរឿងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បាតុកម្មតវ៉ាត្រូវបានធ្វើឡើង នៅតាមទីក្រុងសំខាន់ៗជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងញូយ៉ក។ ជាក់ស្ដែង ក្រុមបាតុករជាង១,០០០នាក់ ត្រូវបានគេរាយការណ៍ថាបាននាំគ្នាតវ៉ា នៅឯទីលាន Lafayette Square នៃទីក្រុងវ៉ាស៊ីនតោន ជាមួយការស្រែកនូវពាក្យស្លោកសង្រ្គោះលោក មូល្លឺ ឬ SAVE MUELLER ដែលជារដ្ឋអាជ្ញាពិសេស អាមេរិកម្នាក់ និងកំពុងស៉ើបអង្កេតលើសំណុំរឿងចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចកាបោះឆ្នោតប្រធានាធិបតី អាមេរិកកាលពីឆ្នាំ២០១៦។
សូមជម្រាបថា លោក Whitaker មានអាយុ ៤៩ឆ្នាំ បានកាន់តំណែងជាប្រធានបុគ្គលិករបស់អតីតអគ្គរដ្ឋអាជ្ញា និងជារដ្ឋមន្ត្រី យុត្តិធម៌អាមេរិក លោក Jeff Sessions ចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ លោក Whitaker បានឡើងកាន់តំណែងជា
អគ្គរដ្ឋអាជ្ញា និងជារដ្ឋមន្ត្រីយុត្តិធម៌ជាបណ្ដោះអាសន្ន បន្ទាប់ពីលោក ត្រាំ បណ្ដេញលោក Sessions ចេញពីតំណែង។ លោក Jeff Sessions ត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់លោក បានរបូតការគ្រប់គ្រងលើសភាតំណាងរាស្ត្រ ទៅឱ្យបក្សប្រជាធិបតេយ្យ ក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ។
ប៉ុន្តែការបណ្ដេញ លោក Sessions ចេញពីតំណែងត្រូវបានគេមើលឃើញថា ជាឱកាសដែលលោក ត្រាំ អាចតែងតាំងរដ្ឋមន្ត្រីយុត្តិធម៌ថ្មីម្នាក់ ដែលលោកជឿជាក់ថា អាចជួយលោកបញ្ឈប់ការស៉ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ជុំវិញសំណុំរឿងរុស្ស៊ី ខណៈលោក Whitaker គឺជាមនុស្សម្នាក់ដែលប្រឆាំងយ៉ាងខ្លាំងចំពោះការស៉ើប អង្កេតលើរុស្ស៊ី៕