(ហាណូយ)៖ ចំណូលបានពីការលក់ឈើ និងផលិតផលធ្វើពីឈើនៅឯក្រៅប្រទេសរបស់វៀតណាមនាចន្លោះ ខែមករា និងខែតុលា ឆ្នាំ២០១៨ មានការកើនឡើង ១៤.៩ភាគរយ ជាមួយថវិកាជិត ៧.២ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់សមាគមផលិតផលព្រៃឈើ នៃប្រទេសវៀតណាម ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងខែតុលាកន្លងទៅតែឯងប៉ុណ្ណោះ វៀតណាមរកបាន ៨០០លានដុល្លារពី ការនាំចេញឈើ និងផលិតផលកែច្នៃពីឈើ។ ដោយឡែកក្នុងចន្លោះពេល ១០ខែដំបូង នៃឆ្នាំ២០១៨នេះ សហរដ្ឋអាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង នៅតែជាទីផ្សារនាំចេញធំៗជាងគេរបស់ប្រទេសវៀតណាម។ ទន្ទឹមគ្នានេះវៀតណាមក៏បានចំណាយជិត ១.៩ពាន់លានដុល្លារលើការនាំចូលឈើ និងផលិតផលធ្វើពីឈើពីក្រៅប្រទេស ចូលមកវិញផងដែរ។
គួរជម្រាបថា បើតាមការព្យាករណ៍របស់សមាគមខាងលើ វៀតណាមទំនងជានឹងអាចរកចំណូលពីការនាំចេញឈើ និងផលិតផលធ្វើពីឈើបានប្រហែល ៩ពាន់លានដុល្លារ នៅពេញមួយឆ្នាំ២០១៨នេះ ខណៈឆ្នាំមុនប្រទេសអាស៊ានមួយនេះរកបានជាង ៧.៦ពាន់លានដុល្លារ ដោយយោងលើតម្រូវការកើនឡើងក្នុងទីផ្សារពិភពលោក៕