(ន័រវែស)៖ ប្រទេសន័រវែសត្រូវបានគេរាយការណ៍ថា បានខាតបង់ប្រាក់រាប់លានដុល្លារ ក្រោយពីនាវាចម្បាំងរបស់ខ្លួនមួយគ្រឿង ឈ្មោះ KMN Helge Instad បានបុកជាមួយនាវាដឹកប្រេង Sola TS ដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាល់តា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ហេតុការណ៍ខាងលើបានកើតឡើង នៅអំឡុងពេលដែលនាវាចម្បាំង KMN Helge Instad ត្រឡប់មកពីចូលរួមធ្វើសមយុទ្ធយោធា ត្រាយដិន (Trident) ជាមួយអង្គការណាតូ នៅឯសមុទ្រនៃភាគពាយ័ព្យទីក្រុង ត្រូនហេម (Trondheim)។ ជាមួយគ្នានោះដែរ បើតាម
សារព័ត៌មាន Aftenposten ការបុកទង្គិចគ្នារវាងនាវាទាំងពីរ បានកើតឡើងនៅខាងក្រៅចំណតប្រេងមួយក្នុងទីក្រុង អយហ្គាដិន (Oygarden) នៃតំបន់ហ័រដាឡេនដ៍ (Hordaland) ដោយវាក៏បង្ខំអាជ្ញាធរន័រវែសបញ្ឈប់រាល់សកម្មភាពដឹកជញ្ជូន ខណៈតំបន់ចម្រាញ់ប្រេង និងឧស្ម័នចំនួន ០៥ នៅតំបន់សមុទ្រខាងជើង ក៏ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្នផងដែរ។
តំបន់ចម្រាញ់ប្រេង និងឧស្ម័នចំនួន ០៥ទាំងនេះ អាចរកប្រាក់ចំណូលពីការផលិតប្រេង និងឧស្ម័ន ៤៨លានដុល្លារក្នុងមួយថ្ងៃ ឬក៏ ០២លានដុល្លារក្នុងមួយម៉ោង។
គួរជម្រាបថា មនុស្សទាំងអស់ ១៣៧នាក់ ដែលនៅលើនាវាចម្បាំង KMN Helge Instad ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព រីឯក្រុមអ្នកបើកបរ ០៨នាក់ បានរងរបួស។ ក៏ប៉ុន្តែ មូលហេតុនៃគ្រោះថ្នាក់ខាងលើ មិនទាន់ត្រូវបានគេកំណត់នៅឡើយទេ៕