អនុប្រធានាធិបតីអាមេរិកនឹងធ្វើជាតំណាងលោក ដូណាល់ ត្រាំ ដើម្បីបំពេញទស្សនកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងចូលរួមកិច្ចប្រជុំកំពូល APEC (Video Inside)
09-11-2018 14:37
(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេស ស្ថិតនៅតំបន់អាស៉ីប៉ាហ្វិកចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន អាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍ពីសេតវិមាន ដែលចេញផ្សាយក្នុងសប្ដាហ៍នេះបានបញ្ជាក់ទៀតថា លោក Mike Pence នឹងបំពេញដំណើរទស្សនកិច្ចនៅប្រទេស ជប៉ុន សិង្ហបុរី អូស្ត្រាលី និងប្រទេសដីកោះប៉ាពួញូហ្គីណេ ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅក្នុងទ្វីបអាស៊ី ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។
លើសពីនេះទៅទៀត លោកអនុប្រធានាធិបតី ក៏នឹងជួសមុខឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ព្រមទាំងកិច្ចប្រជុំ កំពូលអាស៊ីខាងកើតរៀបចំឡើងក្នុងប្រទេសសិង្ហបុរី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) នៅឯប្រទេសដែនកោះប៉ាពួញូហ្គីណេ។
គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតិន (John Bolton) នឹងត្រូវអមដំណើរលោក Pence ក្នុងដំណើរបំពេញទស្សនកិច្ចដ៏មមាញឹកខាងមុខនេះ ដែលតំណាងលោក ត្រាំ រូបនេះនឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំ ជប៉ុន សិង្ហបុរី ឥណ្ឌា ប៉ាពួញូហ្គីណេ និងអូស្ត្រាលី៕